ស្របពេលដែលអ្នកគាំទ្រភាគច្រើន នៅកម្ពុជា បានសម្តែងការអបអរសាទរ ទៅនឹងជ័យជម្នះរបស់ក្រុមជម្រើសជាតិកម្ពុជា ដែលបានយកឈ្នះក្រុមជម្រើសជាតិហ្គាម ក្នុងការប្រកួតជម្រុះវគ្គ play off ជើងទីមួយ នៃពានរង្វាន់ AFC Asian Cup 2023 នៅលើទឹកដីប្រទេសបារ៉ែន ប៉ុន្តែអ្នកចាត់ការទូទៅ លោក Keisuke Honda បែរជាសម្តែងការខកចិត្ត ទៅនឹងទម្រង់លេងរបស់កម្ពុជា ទៅវិញ។
តាមរយៈសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក Keisuke Honda បានលើកឡើងថា ៖ «ខ្ញុំគួរតែសប្បាយចិត្ត ព្រោះយើងឈ្នះ តែខ្ញុំបែរជាខកចិត្តទៅវិញ ព្រោះទម្រង់លេងយើងមិនល្អដូចពេលលេងជាមួយក្រុមខ្លាំងៗ ទោះពេលនោះចាញ់មែន តែយើងមានទម្រង់លេងល្អប្រសើរជាងនេះ»។
វីរបុរសបាល់ទាត់របស់ប្រទេសជប៉ុន លោក លោក Keisuke Honda បានបញ្ជាក់បន្ថែមថា៖«បើយើងរីករាយជាមួយលទ្ធផលបែបនេះ តើពេលណា ទើបយើងអាចយកឈ្នះក្រុមខ្លាំងៗក្នុងតំបន់ដូចជាវៀតណាម ឬថៃបាននោះ?»។
អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជារូបនេះ បានបន្ថែមទៀតថា៖«ការអភិវឌ្ឍកាយ សម្បទា និងបច្ចេកទេស ជាចំណុចដែលកីឡាករភាគច្រើន ផ្តោតលើ ក៏ដូចគ្នាយើង ត្រូវពង្រឹងផ្នែកទាំងនោះ ប៉ុន្តែអ្វីដែលពិសេសជាងនោះ យើងត្រូវយល់ដឹងពីការប្រើប្រាស់តាក់ទិច (Tactic) ដែលជាកត្តាធ្វើឱ្យក្រុមយើង អាចប្រកួតប្រជែងជាមួយក្រុមខ្លាំងៗបាន»។
តាមរយៈការប្រកួត នៅកីឡដ្ឋាន Khalifa ក្រុង Issa Town ប្រទេសបារ៉ែន នាយប់ម៉ោង ០០:៣០ ឈានចូលថ្ងៃអាទិត្យ ម្សិលមិញនោះ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ជាអ្នករកបានគ្រាប់បាល់ជ័យជម្នះឱ្យក្រុមកម្ពុជា នៅនាទីទី២៦ បន្ទាប់រូបគេ បានទទួលបាល់បោះកាត់ចូលក្នុងយ៉ាងល្អ របស់កីឡាករវ័យក្មេង លឹម ពិសុទ្ធ។
យ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធរបស់ក្រុមបឹងកេត ចាន់ វឌ្ឍនាកា ក៏មិនបានចាត់ទុកជ័យជម្នះនេះ សំខាន់ខ្លាំងនោះដែរ ដោយរូបគេ បានអះអាងថា វាគ្រាន់តែជាលទ្ធផលការប្រកួតទីមួយប៉ុណ្ណោះ។
ចាន់ វឌ្ឍនាកា បានសរសេរបង្ហោះ នៅលើផេចហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃអាទិត្យថា៖ «អរគុណក្រុម ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងអរគុណនាក់គាំទ្រ ដែលតែងគាំទ្រពួកយើង ប៉ុន្តែអ្វីៗមិនទាន់បានបញ្ចប់នោះទេ វាគ្រាន់តែជាលទ្ធផលការប្រកួតទីមួយប៉ុណ្ណោះ យើងសង្ឃឹមថា ពួកយើង នឹងធ្វើបានល្អនៅប្រកួតបន្ទាប់ទៀត ប្រមូលស្មារតី ប្រមូលកម្លាំង សម្រាប់ប្រកួតបន្តទៀត»៕






