ក្រុមបាល់​ទាត់​ខេត្ត​ព្រៃវែង និង​សូលទីឡូអង្គរ បាន​ក្លាយជា​បេក្ខភាព​២​ក្រុម​ចុង​ក្រោយ ដែល​កំពុងស្ថិត​នៅ​ក្នុងមាត់​ជ្រោះ និងមាន​ភាគរយខ្ពស់ជាង​គេ ដែល​នឹង​អាច​ត្រូវ​កាត់​ចោល​មួយ ឱ្យ​ទៅ​លេង​នៅលីគ​​ទី​២ នៅ​ឆ្នាំ​២០២២។ នេះ​បើយោង​ទៅតាម​តារាងពិ​ន្ទុ នៃ​​ការ​ប្រកួតប្រជែង​រវាងក្រុម​ចំណាត់ថ្នាក់ទាំង​៥ក្រុម​ក្រោម។

បើ​ទោះបីជា​ពេលនេះ ខេត្ត​ព្រៃវែង និង​សូល​ទីឡូអង្គរ ទើប​ប្រកួត​បាន​១៥​លើក គឺ​តិចជាង​​ក្រុមនគរបាលជាតិ អាស៊ីអឺរ៉ុប និង​ក្រុម​អគ្គិសនី​កម្ពុជា ប៉ុន្តែ​​ក្រុម​សូល​ទីឡូអង្គរ ដែល​កំពុង​ឈរ​នៅបាតតារាងស្រាប់​នោះ មានត្រឹម​៧ពិន្ទុ​ទេ បន្ទាប់ពី​បាន​ត្រឹម​ស្មើ ២-២ ជាមួយ​ក្រុម​អគ្គិសនីកម្ពុជា និងបន្ត​ស្មើ​ក្រុមអាស៊ីអឺរ៉ុប ០-០ កាលពី​ថ្ងៃ​អាទិត្យ​នោះ។ ចំណែក​​ក្រុម​ខេត្ត​ព្រៃវែង មាន​១០ពិន្ទុ។

យោង​តាម​លទ្ធផលនេះ អាច​បញ្ជាក់​បាន​ថា ក្រុមសូលទីឡូអង្គរ នឹង​ត្រូវកាត់​ចេញ​ពី​លីគកំពូល​កម្ពុជា នៅ​ត្រឹម​ឆ្នាំ​២០២១​នេះ បើ​សិនជា​ពួកគេ មិនអាច​ដណ្តើម​បាន​៣ពិន្ទុ សម្រាប់​ការ​ប្រកួត​បង្រ្គប់​១៦​លើក ជាមួយ​ខេត្ត​ព្រៃវែង ទេនោះ។ ផ្ទុយ​ទៅ​វិញ ក្រុម​ក្មេង​ខ្ចី ខេត្តព្រៃវែង ក៏​ប្រឈម​ទៅនឹងការ​កាត់​ចោល​ផងដែរ បើ​សិនជា​ពួកគេ មិនអាច​យក​ឈ្នះ​ក្រុមសូលទីឡូអង្គរ បាន​នោះ។

យ៉ាង​ណា​ក៏​ដោយ ការស្មើ​គ្នា ២-២ រវា​ង​ក្រុម​ម្ចាស់​ផ្ទះ​នគរ​បាលជាតិ និង​ក្រុមអគ្គិសនី​កម្ពុជា កាលពី​ថ្ងៃអាទិត្យ​នោះ​ដែរ វាក៏​បាន​ធ្វើ​ឱ្យ ក្រុមអគ្គិសនី​កម្ពុជា ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់លាស់ ក្នុងការ​រក្សា​ខ្លួន នៅលីគកំពូល​កម្ពុជា ដូច​គ្នា ព្រោះ​បើសិនជា សូលទីឡូអង្គរ អាច​យក​ឈ្នះ​ក្រុមខេត្ត​ព្រៃវែង បានមែន នោះ ខេត្ត​ព្រៃវែង និងសូលទីឡូអង្គរ នឹងមាន​១០ពិន្ទុស្មើ​គ្នា ហេតុ​នេះ ក្រុម​អគ្គិសនី​កម្ពុជា ក៏​អាច​ធ្លាក់​ទៅក្នុងតំបន់កាត់ចោល​ផងដែរ បើ​សិន​ជាការ​ប្រកួត​លើក​ទី​១៧ ចុង​ក្រោយ ពួកគេ ជួបការ​បរាជ័យ ស្របពេល ក្រុម​ខេត្ត​ព្រៃវែង និង សូល​ទីឡូអង្គរ សុទ្ធតែ​ឈ្នះ​បាន​៣ពិន្ទុ​បន្ថែម​នោះ៕