ការ​រួមគ្នាទម្លាក់​ក្រុម​ជម្រើសជាតិ​ហ្គាម តាម​រយៈការ​យក​ឈ្នះ​ទាំង​២​ជើង ដោយ​លទ្ធផល​សរុប ៣-១ វា​មិន​ត្រឹមតែ​បាន​ជួយ​ឱ្យ​ក្រុមជម្រើសជាតិ​កម្ពុជា បាន​ឈ្នះ​កៅ​អី ឡើង​ទៅ​ប្រកួត​ជុំ​ទី​៣ នៃពានរង្វាន់ AFC Asian Cup 2023 ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ក្រុម​មួយនេះ ទទួលបាន​ប្រាក់​រង្វាន់​យ៉ាង​ច្រើន គឺ​លើស ១០ ម៉ឺន​ដុល្លារ សម្រាប់ការ​បញ្ចប់បេសកម្ម​ដ៏​ជោគ​ជ័យ លើក​នេះ។

បើទោះបីជា ការ​ស៊ុត​ទម្លុះ​សំណាញ់​ទី​របស់​ខ្សែ​ប្រយុទ្ធក្រុម​​ហ្គាម  Devan Mendiola នៅនាទីទី​៣៦ សម្រាប់ការ​ប្រកួតជើង​ទី ២ នៅ​កីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន កាលពី​យប់​ថ្ងៃអង្គារ ឈាន​ចូល​ថ្ងៃ​ពុធនេះ បាន​បង្កើត​លុប​ចោល​នៅ​ការ​មាន​ប្រៀប​របស់កម្ពុជា សម្រាប់ការឈ្នះ ១-០ ដែល​រកបាន​ដោយ​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ប៉ុន្តែ​ការ​រួមគ្នា​រក​បាន​២​គ្រាប់វិញ របស់​ខ្សែ​ប្រយុទ្ធ កែវ សុខផេង និង សុះ ស៊ូហាណា បាន​ជួយ​ឱ្យ​កម្ពុជា ធានា​បាន​វិញ នូវ​​ការ​ឆ្លង​ផុត​វគ្គ​ជម្រុះ​នេះ ដើម្បី​ឡើង​ទៅកាន់​ការ​ប្រកួត​ជុំ​ទី​៣។

តាម​រយៈការ​ប្រកួត​នោះ ត្រូវបាន​គេ​មើល​ឃើញ​ថា ខ្សែ​ប្រយុទ្ធ កែវ សុខផេង ដែល​ដាក់​ឱ្យ​ចូល​លេង នៅនាទីទី​៤៦ ជំនួយ ណារ៉ុង កក្កដា បាន​ក្លាយ​ជា​អ្នក​ធ្វើ​ឱ្យ​ទម្រង់​លេង​របស់​កម្ពុជា វិល​មក​រក​ភាព​ល្អ​ប្រសើរ​វិញ បន្ទាប់ពី​លេង​មិនសូវ​យល់​គ្នា នៅ​តង់ទី​១ ហើយ​ខ្សែ​ការពារជា​ប្រធាន​ក្រុម ទេស សម្បត្តិ បាន​ក្លាយ​ជា​ជួយ​រារាំង​ក្រុម​ហ្គាម យ៉ាងសំខាន់ ចំណែក សៀង ចន្ធា, សេត រ៉ស៊ីប និង លឹម ពិសុទ្ធ  បាន​បំពេញ​តួនាទី​យ៉ាង​ល្អ សម្រាប់ការ​លេង នៅ​តំបន់ខាង​លើ ជាមួយ​មិត្ត​រួម​ក្រុម​ផ្សេង​ទៀត។

ជាមួយ​គ្នា​នេះ ការ​លើក​បាល់​ពី​ចម្ងាយចូល​តំបន់គ្រោះ​ថ្នាក់​ក្រុម​ហ្គាម ​របស់ សេត រ៉ស៊ីប បាន​ធ្លាក់​ទៅ​ដល់ សុះ ស៊ូហាណា ហើយ ស៊ូហាណា បាន​ឆ្កិះ​បាល់​នោះ ​ទៅឱ្យ កែវ សុខផេង។ សុខផេង បាន​តែត និង​ធាក់បាល់​នោះ ទម្លាក់​ទៅ​ឱ្យ សុះ ស៊ូហាណា វិញ ដើម្បី​ស៊ុត​បំប៉ោង​សំណាញ់ទី បាន​សម្រេច នៅនាទីទី ៤៩។

បន្ថែម​ទៅ​លើ​ការ​ជួយ​បង្កើតឱកាស​ឱ្យ​ សុះ ស៊ូហាណា រកបាន​គ្រាប់បាល់​តាមស្មើ​នេះ កែវ សុខផេង ដដែល បាន​រត់​យ៉ាង​លឿន ទៅ​ឆាបយក​បាល់​ ពីការ​ចាប់​ភ្លាត់​ ចេញ​ធ្លាក់ពី​ដៃ​របស់​អ្នក​ចាំទី​ Dallas Jaye រួច​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ ដើម្បី​ជួយ​ឱ្យ​កម្ពុជា នាំ​មុខ ២-១ នៅនាទីទី​៥៥ ហើយ​ក៏ជា​គ្រាប់បាល់​ជ័យជម្នះ​ចុង​ក្រោយ ផងដែរ ដើម្បី​ជួយ​ឱ្យ​កម្ពុជា ឈ្នះ​កៅអី បាន​ទៅ​លើ​នៅជុំ​ទី​ ៣ នៃ​ពាន​រង្វាន់ AFC Asian Cup 2023 នេះ។

ជាមួយ​ការ​រក​បាន​ជ័យជម្នះ​ដ៏សំខាន់នេះ ក្រុមជម្រើសជាតិ​កម្ពុជា ​ទទួលបាន​ប្រាក់​រង្វាន់លើក​ទឹក​ចិត្ត​​ជាង​១១ម៉ឺនដុល្លារ ព្រោះ​គ្រាន់​តែ​ថវិកា ឧត្តម្ភពី​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​មាន​ចំនួន​ ១០ ម៉ឺនដុល្លារ ទៅ​ហើយ ចំណែក​អ្នកស្រី ទ្រី ដាណា ដែល​សន្យារឧត្ថម្ភ​ដល់​ក្រុម​កម្ពុជា ១​គ្រាប់ចំនួន​៥ពាន់ដុល្លារ គឺ​មាន​ចំនួន ១៥០០០ដុល្លារ ព្រោះ​កម្ពុជា រក​បាន​៣​គ្រាប់ ហើយថវិកា​​នេះ នៅមិនទាន់គិត​ពី​ការ​ចូល​រួម​ឧបត្ថម្ភពី​សប្បុរស​ជន ជិត​ឆ្ងាយ មួយចំនួន​ទៀត នៅ​ឡើយ​ទេ។

សម្រាប់​ការ​ចូល​រួម​ឧបត្ថម្ភ​ទឹក​ប្រាក់ ១០ ម៉ឺន​ដុល្លារ​នេះ លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​សរសេរ​បង្ហោះ​នៅ​ផេចហ្វេសប៊ុក​ផ្លូវការ​របស់​លោក នៅ​ថ្ងៃ​ពុធ​នេះ​ថា៖​ «​ខ្ញុំ​សូម​អបអរ​សាទរ ចំពោះ​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ទទួល​បាន​ជ័យជំនះ​លើ​ក្រុម​កីឡាករ​ក្រុម​កោះ​ហ្គាម​របស់​អាមេរិក ក្នុង​ជំនួប​ជើង​ទី ២ នៃវគ្គជម្រុះ Play-Off នៅ​កីឡដ្ឋាន Khalifa Sport City ប្រទេស​បារ៉ែន និង​សូម​ឧបត្ថម្ភ​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែល​ឈ្នះ​លើ​ការ​ប្រកួត​នេះ ចំនួន ១០០០០០$ (ដប់ម៉ឺនដុល្លារអាមេរិក) ដើម្បីជាការលើកទឹកចិត្ត»។

លោក​នាយក​រដ្ឋមន្រ្តី បានបន្ថែម​ថា៖ ​«ថវិកានេះ សូមទទួលពី​ ឯកឧត្តម សៅ សុខា ប្រធាន​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា។ ខ្ញុំ​សូម​កោតសរសើរ ចំពោះ លោក Honda ដែល​បាន​ដឹកនាំ​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា ទទួលបានជោគជ័យនេះ»៕