កីឡាករជម្រើសជាតិកម្ពុជាកម្ពុជា ចំនួន៦នាក់ ត្រូវបានថ្នាក់ដឹកនាំ ប្រាប់ថា បានឆ្លងជំងឺកូវីដ១៩ ក្នុងអំឡុងពេលស្នាក់នៅ ពេលប្រកួតជម្រុះពានរង្វាន់ AFC Asian Cup 2023 ជាមួយក្រុមជម្រើសជាតិហ្គាម នៅប្រទេសបារ៉ែន ដែលទើបបានបញ្ចប់ កាលពីយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធ ម្សិលមិញ។
តាមការឡាញ បង្ហាញរបស់គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា លោក ភា សុភ័ក្រ្តា និងលោក ឈូក ពិសិដ្ឋ នៅថ្ងៃនេះ បានឱ្យដឹងថា កីឡាករ គួច សុកុម្ភៈ, សឿយ វិសាល, ចាន់ វឌ្ឍនាកា, អ៊ាន ពិសី, សារ៉េត គ្រីយ៉ា និង កែវ សុខសិលា សុទ្ធតែបានឆ្លងជំងឺកូវីដ១៩ ហើយពេលនេះ អ្នកទាំង ៦ ត្រូវបានដាក់ឱ្យស្ថិតនៅសណ្ឋាគារមួយកន្លែង នៅក្នុងប្រទេសបារ៉ែន ដើម្បីព្យាបាល។
យ៉ាងណាក៏ដោយ ចំពោះស្ថានភាពជំងឺកូវីដរបស់អ្នកទាំង នេះ ត្រូវបានលោក ឈូក ពិសិដ្ឋ បញ្ជាក់ថា៖ «ពួកគាត់ ហើយមិនមានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ គឺសុខភាព នៅតែល្អប្រសើរ អ៊ីចឹងពួកគាត់ មិនត្រូវបានដាក់ព្យាបាលនៅមន្ទីរពេទ្យនោះទេ។ ពួកគាត់ ត្រូវបានដាក់នៅសណ្ឋាគារដាច់ដោយឡែកមួយ ព្រោះស្ថានភាពជំងឺរបស់ពួកគាត់ ស្ថិតក្នុងកម្រិតស្រាល ដែលមិនចាំបាច់ ដាក់ព្យាបាលនៅមន្ទីរពេទ្យនោះទេ»។
សម្រាប់ការឆ្លងជំងឺកូវីដ ១៩ របស់កីឡាករជម្រើសជាតិទាំង ៦ នាក់ នៅមុនការប្រកួតជើងទី២ ជាមួយក្រុមហ្គាមនេះ ត្រូវបានគ្រូជំនួយ លោក ភា សុភ័ក្រ្តា ទម្លាយថា បានធ្វើឱ្យក្រុមគ្រូបង្វឹក និងថ្នាក់ដឹកនាំ មានការលំបាកយ៉ាងខ្លាំង ប៉ុន្តែអ្វីៗ បានប្រែប្រួល ដោយសារតែសារលើកទឹកចិត្តរបស់ពួកគាត់ ទាំង៦នាក់នេះ។
លោក ភា សុភ័ក្រ្តា បានបញ្ជាក់ថា៖ «ពួកខ្ញុំ បានជម្នះផ្លូវចិត្តខ្លាំងបំផុត ទៅលើបញ្ហានេះ ជាពិសេសភ័យខ្លាំងបំផុត ខ្លាចបញ្ហានេះ ជះឥទ្ធិពលទៅដល់ផ្លូវចិត្តកីឡាកររបស់យើងផ្សេងទៀត នៅពេលប្រកួត ប៉ុន្តែអ្វីៗ វាបែរទៅជាការលើកទឹកចិត្តដ៏ខ្លាំងទៅវិញ នៅពេលកីឡាករទាំង៦ នាក់នេះ បានផ្ញើសារ ចូលទៅក្នុងគ្រុប ដើម្បីលើកទឹកចិត្តដល់កីឡាករ ដែលមានឱកាសបានចូលលេង ហើយឈានដល់ការទទួលបានជ័យជម្នះ»។
គួរបញ្ជាក់ថា តាមរយៈការប្រកួត នៅលើទឹកដីប្រទេសបារ៉ែននេះ ក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិហ្គាម ១-០ នៅជើងទី ១ ដែលរកបាន ចាន់ វឌ្ឍនាកា ហើយបានបន្តយកឈ្នះ ២-១ នៅជើងទី ២ ដែលជាការរកបានម្នាក់ ១ គ្រាប់របស់ សុះ ស៊ូហាណា និង កែវ សុខផេង។ លទ្ធផលដ៏ល្អនេះ បានជួយឱ្យក្រុមធំជម្រើសជាតិកម្ពុជា ឈ្នះបានកៅអី ឡើងទៅប្រកួតជុំទី ៣ នៃពានរង្វាន់ AFC Asian Cup 2023។
ចំណែកក្រុម U23 ជម្រើសជាតិកម្ពុជា នឹងត្រូវបន្តដំណើរពីប្រទេសបារ៉ែន ទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមប្រកួតជម្រុះពានរង្វាន់ AFC U23 ASIAN Cup នៅទីនោះ ដោយពួកគេ ត្រូវជួបក្រុមហុងកុង នៅថ្ងៃទី ២៣ មុនពេលប៉ះក្រុមម្ចាស់ផ្ទះ ជប៉ុន នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១ ប៉ុន្តែកីឡាករបានឆ្លងជំងឺកូវីដទាំង៦នាក់ ខាងលើ ត្រូវបន្តស្នាក់នៅសណ្ឋាគារ ក្នុងប្រទេសបារ៉ែន ដើម្បីព្យាបាលជំងឺនេះ ក្នុងលក្ខខណ្ឌ បានកំណត់ ចំនួន១០ថ្ងៃទៀត៕