បរទេស៖ លោក Ole Gunnar Solskjaer ជឿជាក់ថា លោកអាចផ្លាស់ប្តូរជោគវាសនារបស់ក្រុម Manchester United ខណៈដែលសម្ពារនានាកំពុងតែកើតឡើងលើគ្រូបង្វឹកសញ្ជាតិន័រវែសរូបនេះ នៅមុនពេលការប្រកួតក្របខ័ណ្ឌ Champions League ជាមួយនឹងក្រុម Atalanta នៅកីឡដ្ឋាន Old Trafford នៅរាត្រីនេះ។
Man United កំពុងតែដេញតាមពីក្រោយក្រុម Chelsea នៅលើតារាក្របខ័ណ្ឌ Premier League ចំនួន៥ពិន្ទុ ក្រោយពីបានរងបរាជ័យក្រោមស្នាដៃក្រុម Leicester ក្នុងលទ្ធផល ៤-២ កាលពីថ្ងៃសៅរ៍។ ពួកគេក៏មិនទាន់មានភាពច្បាស់លាស់ក្នុងការឈ្នះកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ផងដែរ ក្រោយពីចាញ់ការប្រកួតបើកឆាកក្រោមស្នាដៃក្រុមស្វ៊ិស Young Boys បើទោះបីពួកគេបានផ្តួលក្រុម Villarreal ក្នុងការប្រកួតទី២របស់ពួកគេក៏ដោយ។ មានការរំពឹងទុកជាច្រើនពីក្រុមរបស់លោក Solskjaer ក្រោយពីការចូលរួមរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo, Jadon Sancho និង Raphael Varane អំឡុងពេលនៃការបើកទីផ្សារដោះដូរកីឡាករ។ Man United នឹងត្រូវជួបការប្រកួតធំៗជាច្រើន នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ក្នុងនោះរាប់បញ្ចូលទាំងការប្រកួតក្របខ័ណ្ឌ Premier League ជាមួយនឹងក្រុម Liverpool, Tottenham និង Manchester City និងការប្រកួត២ជើងជាមួយនឹងក្រុមខ្លាំងអ៊ីតាលី Atalanta ផងដែរ។
លោក Solskjaer បានប្រាប់សន្និសីទសាសរព័ត៌មានកាលពីថ្ងៃអង្គារថា៖ «ពិតណាស់ យើងបាននាំយកកីឡាករថ្មីៗមួយចំនួន ដែលបានបង្កើតឲ្យមានការរំពឹងទុកដ៏ខ្ពស់។ ពិតណាស់ មានសម្ពាធលើរូបខ្ញុំ ប៉ុន្តែ យើងធ្លាប់បានឆ្លងកាត់ដំណាក់កាលបែបនេះពីមុនរួចមកហើយ។ ខ្ញុំកំពុងតែសម្លឹងឆ្ពោះទៅមុខដើម្បីឆ្លើយតបនៅពេលនេះ»៕
ប្រភពព័ត៌មាន៖ Channel News Asia