បរទេស៖ លោក Thomas Tuchel គ្រូបង្វឹករបស់ Chelsea បានឲ្យដឹងថា ខ្សែប្រយុទ្ធ Romelu Lukaku កំពុងតែចុះខ្សោយផ្នែកស្មារតី ក្រោយពីត្រូវបានដាក់ឲ្យលេងច្រើនប្រកួតពេក ខណៈដែលតារាឆ្នើមមានតម្លៃខ្លួនខ្ពស់ប្រចាំក្លិបរូបនេះ សម្លឹងរកការបញ្ចប់ការមិនអាចរកបានគ្រាប់បាល់របស់គេ។
ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិករូបនេះ បានវិលទៅកាន់ក្លិប Chelsea ពីក្លិប Inter Milan កាលពីខែសីហា ក្នុងតម្លៃខ្លួន៩៧លានផោន (ស្មើនឹង១៣៤លានដុល្លារអាមេរិក) ពោលគឺរយៈពេល៧ឆ្នាំ ក្រោយពីបានចូលរួមជាលើកដំបូងរបស់គេនៅកីឡដ្ឋាន Stamford Bridge បានបញ្ចប់។ ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះ បានបង្ហាញពីទម្រង់លេងយ៉ាងទាក់ទាញនៅប៉ុន្មានសប្តាហ៍ដំបូងនៅរដូវកាលនេះ ប៉ុន្តែទម្រង់លេងរបស់គេបានធ្លាក់ចុះ ហើយរូបគេមិនបានស៊ុតបាល់បញ្ចូលទីសោះសម្រាប់ក្រុម Chelsea បើគិតចាប់តាំងពីពាក់កណ្តាលខែកញ្ញា។ នៅមុនពេលការប្រកួតក្របខ័ណ្ឌ Champions League ជាមួយនឹងក្រុមស៊ុយអែត Malmo នៅរាត្រីនេះ លោក Tuchel បាននិយាយថា កីឡាកររប់សលោកនៅតែត្រូវសម្របខ្លួនជាមួយនឹង Lukaku នៅក្នុងក្រុម។ លោកបានឲ្យដឹងថា៖ «ការសម្របខ្លួននេះ នឹងមានភាពល្អប្រសើរជារៀងរាល់ថ្ងៃ ពីព្រោះយើងកំពុងតែស្ថិតក្នុងដំណើរការក្នុងការសម្របខ្លួនជាមួយគ្នា។
នៅពេលនេះ ខ្ញុំមានអារម្មណ៍ថា Romelu ត្រូវបានគេដាក់ឲ្យលេងច្រើនពេក»។ លោកបានបន្ថែមទៀតថា៖ «ខ្ញុំគិតថា រូបគេបានលេងការប្រកួតច្រើនពេកនៅរដូវកាលក្តៅនេះ ការប្រកួតច្រើនពេកជាមួយនឹងក្រុមជម្រើសជាតិ។ ពេលនេះ រូបគេលេងក្នុងយុទ្ធនាការ Nations League ជាមួយនឹងក្រុមបែលហ្ស៊ិក»៕
ប្រភពព័ត៌មាន៖ AFP