ក្រុម​ជម្រើសជាតិកម្ពុជា​អាយុក្រោម​២៣ឆ្នាំ បាន​ត្រៀម​ខ្លួន​រួចរាល់ និងបាន​ល្អ​ផងដែរ ដើម្បី​ប្រកួត​ជម្រុះ​ប្រចាំពូល​K ជាមួយ​ក្រុម​U23 ហុងកុង ក្នុង​ពេល​ពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022 នៅ​កីឡដ្ឋាន J-Village, Fukushima នា​ព្រឹក​ម៉ោង ១១ ថ្ងៃសៅរ៍​នេះ មុន​បន្ត​ទៅជួ​ប​ក្រុម​ម្ចាស់​ផ្ទះ​ជប៉ុន នៅថ្ងៃទី​២៦ ខែតុលា វេលា​ម៉ោង ១១ព្រឹក ដូច​គ្នា។

ការ​ជួប​ជាមួយក្រុម​ហុងកុង នៅ​ក្នុងការ​ប្រកួត​បើក​ឆាកនេះ ត្រូវបានគេ​មើលឃើញ​ថា ជា​ពេល​វេលា​មួយ ដែល​ក្រុម​U23កម្ពុជា អាច​បង្ហាញការ​លេង​ដោយពេញ​ទំហឹង ដើម្បី​ប្រជែ​ង​គ្នា​យក​៣ពិន្ទុ ព្រោះក្រុម​U23ហុងកុង មានកម្រិតលេខ មិនលើស​ខ្វះគ្នា​ជាមួយ​កម្ពុជា ប៉ុន្មាន​ឡើយ ហើយ​នៅ​ក្នុងបញ្ជី​ឈ្មោះ​របស់​កីឡាករ គឺហុងកុង មិន​បាន​ដាក់បញ្ចូល​កីឡាករ​កូន​កាត់ ឱ្យ​ចូល​រួម​ជួយ​ដល់ក្រុមរបស់ខ្លួន ដូច​ការ​ប្រកួត​ក្រុមធំ​ជម្រើសជាតិ​ របស់ពួកគេ នោះ​ទេ។

ចំណែក​ម្ចាស់​ផ្ទះ ​ជប៉ុន បាន​ដាក់​កីឡាករ​អាយុ​២០​ឆ្នាំ ភាគ​ច្រើន ឱ្យ​ចូល​រួម​ប្រកួត ប៉ុន្តែ​បើ​ប្រៀប​ធៀប​ពី​កម្រិត​លេង គឺ​ជប៉ុន នៅតែ​ស្ថិតនៅលើ​ កម្ពុជា និង​ហុងកុង ដែល​ត្រូវបាន​គេ​មើល​ឃើញ​ថា ក្រុម​ម្ចាស់​ផ្ទះ​មួយនេះ អាច​នឹងទទួលបានចំណាត់​ថ្នាក់​លេខ​១ ប្រចាំពូល​K នេះ ខណៈ​​កម្ពុជា និង​ហុងកុង ស្ថិត​នៅ​ក្នុង​ភាព​ប្រទាញ​ប្រទុងគ្នា​ខ្លាំង ក្នុងការ​ដណ្តើម​យកលេខ​២ ប្រចាំ​ពូល ដែលមានត្រឹម​៣​ក្រុមនេះ។

ជាមួយ​គ្នា​នេះ ការ​ហ្វឹក​ហាត់ និងប្រកួត​នៅ​ក្រោម​បរិយកាស​ដ៏​ត្រជាក់ ក៏​បាន​ផ្តល់​ភាព​អំណោយ​ផល​ដល់​ក្រុម​ម្ចាស់​ផ្ទះ​ជប៉ុន លើ​ក្រុម​ភ្ញៀវ​កម្ពុជា និង​ហុងកុង ផងដែរ។ តែ​ទោះ​បីជា​យ៉ាង​ណា បើតាម​លោក ឈូក ពិសិដ្ឋ អ្នក​ចាត់ការ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ បាន​ប្រាប់​ថា បាន​សម​រួច​រាល់​ហើយទាំង​ទៅ​លើការ​ហូកចុក ការ​ស្នាក់នៅ បរិយាកាស ចំណែក​ការ​ហ្វឹកហាត់ ក៏​បាន​ល្អ​ផងដែរ ព្រោះ​ម្ចាស់​ផ្ទះ បានទទួល និងរៀបចំ​ស្វាគមន៍ បាន​ល្អ​គ្រប់​ផ្នែក​ទាំង​អស់ ដែល​ធ្វើ​ឱ្យ​ការ​រៀបចំ​គ្រប់បែប​យ៉ាង​របស់កម្ពុជា បាន​ល្អ។

យ៉ាង​ណា​ក៏​ដោយ អ្នក​គាំ​ទ្រ​កម្ពុជា មិនអាច​នឹង​បាន​ទស្សនា​ការ​ប្រកួត​​របស់​ក្រុម​U23កម្ពុជា នៅ​ក្នុងការ​ប្រកួតជម្រុះ​ពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022 នេះ​ទេ ពិសេស​ជំនួប​បើក​ឆាក​របស់​កម្ពុជា និងហុងកុក ព្រោះ​ប្រទេស​ជប៉ុន ដែល​ជា​ម្ចាស់​ផ្ទះ មិន​មាន​ការផ្សាយបន្តផ្ទាល់មកកម្ពុជាឡើយ។

ជុំវិញបញ្ហា​នេះ សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា (FFC) បានប្រកាស​នៅលើ​ផេចហ្វេសប៊ុក​របស់​ខ្លួន នៅថ្ងៃ​នេះ​ថា៖​ «មិនមានការផ្សាយបន្តផ្ទាល់មកកម្ពុជាឡើយ!​ប្រទេស​ជប៉ុន​​ដែល​ជា​ម្ចាស់​ផ្ទះ​ពូល K នៃ​ពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022 – Qualifiers មិន​​មាន​​គម្រោង​ផ្សាយ​ផ្ទាល់​ការ​ប្រកួត ក្រៅពីការប្រកួតរបស់ខ្លួនទេ (ជប៉ុន ជាមួយ​កម្ពុជា និង​ជប៉ុន ជាមួយ ហុងកុង) ហើយការប្រកួត ដែលផ្សាយផ្ទាល់ គឺមានតែលើទូរទស្សន៍ CS Nittele G+ របស់ជប៉ុន នឹងមិនមានការផ្សាយបន្តផ្ទាល់មកកម្ពុជាឡើយ»។

«សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ​កំពុង​តែ​ទំនាក់​ទំនង​ជាមួយ​សមាគម​បាល់​ទាត់​ជប៉ុន ដើម្បី​​រក​មធ្យោបាយ​ឱ្យ​បងប្អូន​អ្នក​គាំទ្រ​យើង អាច​ទស្សនា​ការ​ប្រកួត​បាន»។ នេះជា​ការ​ប្រាប់​បន្ថែម​​របស់ FFC ប៉ុន្តែ​លទ្ធផល​យ៉ាងណា​នោះ នៅ​មិនទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ ខណៈ​អ្នក​គាំ​ទ្រកម្ពុជា ពិតជា​ចង់ទស្សនាការ​ប្រកួតនេះខ្លាំង ព្រោះ​វាជាពេល​ ដែល​អ្នក​ចាត់ការ​ទៅលោក Keisuke Honda ជាវីរបុរស​បាល់​ទាត់ជប៉ុន និងក្រុមគ្រូ​បង្វឹក​ជប៉ុន រួមទាំងគ្រូជំនួយ​កម្ពុជា ត្រូវ​ដឹកនាំ​ក្រុម​កម្ពុជា ប្រកួតផ្លូវការ ​នៅ​លើ​ទឹក​ដីជប៉ុន ជា​លើកដំបូង ហើយក៏​ត្រូវ​ជួប​ក្រុម​ម្ចាស់​ផ្ទះ​ជប៉ុន ផងដែរ៕