គ្រូបង្គោលក្រុមបឹងកេត លោក គឹម ភក្តី បានចាប់ផ្តើមធ្វើតេស្តសមត្ថភាពកីឡាករយុវជនរបស់ខ្លួនប្រមាណមួយចំនួន តាមរយៈការដាក់ពួកគេ ឱ្យចូលរួមប្រកួតមិត្តភាពជាមួយក្រុមធំរបស់លោក ហើយក្រុមយុវជនទាំងនេះ ក៏នឹងត្រូវជ្រើសរើស ដាក់បញ្ចូលជាមួយក្រុមបឹងកេត ដើម្បីចូលរួមប្រកួតពានរង្វាន់សម្តេចហ៊ុនសែនថ្នាក់ជាតិ ឆ្នាំ២០២១នេះ ផងដែរ។
យ៉ាងណាមិញ សម្រាប់ការប្រកួតមិត្តភាពដកស្រង់បច្ចេកទេសទល់នឹងក្រុម ISI ដង្កោសែនជ័យ កាលពីថ្ងៃពុធម្សិលមិញនេះ លោក គឹម ភក្តី បានសរសេរពីក្រុមយុវជនទាំងនេះ ថា មានឆន្ទៈក្នុងការលេង និងហ៊ានលេង។
«យុវជន ដែលបានចូលលេង ខ្ញុំបានមើលឃើញថា ពួកគេពិតជាមានឆន្ទៈ ក្នុងការលេង និងហ៊ានលេង»។ នេះជាការលើកឡើងរបស់លោក គឹម ភក្តី បន្ទាប់ពីក្រុមបឹងកេត បានយកឈ្នះក្រុម ISI ដង្កោសែនជ័យ ១-០ ខណៈការប្រកួតមិត្តភាពនេះ ត្រូវបានធ្វើឡើងជា៣ដំណាក់កាល ដោយ១ដំណាក់ មានរយៈពេល៤នាទី។
តាមរយៈការប្រកួតមិត្តភាពនេះ បឹងកេត ក៏បានដាក់កីឡាករក្រុមធំរបស់ខ្លួនភាគច្រើនឱ្យចូលលេងផងដែរ បន្ទាប់ពីពួកគេ បានអាក់ខានប្រកួត ដោយសារលីគកំពូលកម្ពុជា បានសម្រាក ប៉ុន្មានសប្តាហ៍នេះ ហើយការធ្វើបែបនេះ ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ ឡើងវិញ ត្រៀមការប្រកួតលីគកំពូល ដែលនឹងចាប់ផ្តើមវិញ នៅដើមខែវិច្ឆិកា ខាងមុខមុខនេះ៕