បរទេស៖ លោក Ole Gunnar Solskjaer បានបញ្ជាក់ថា លោកពេញចិត្តនឹងការរិះគន់ ខណៈដែលក្រុម Manchester United ត្រៀមជួបជាមួយនឹងក្រុម Atalanta ក្នុងក្របខ័ណ្ឌ Champions League នៅរាត្រីនេះ ក្រោយពីបានយកឈ្នះលើក្រុម Tottenham ក្នុង Premier League។
គ្រូបង្វឹកសញ្ជាតិន័រវែសរូបនេះ បានប្រឈមមុខនឹងពាក្យចរចាមអារ៉ាមជាច្រើនជុំវិញអនាគតរបស់លោក ក្រោយពីការរងបរាជ័យក្រោមស្នាដៃក្រុម Liverpool ក្នុងលទ្ធផល ៥-០ នាកីឡដ្ឋាន Old Trafford កាលពីសប្តាហ៍មុន បានធ្វើឲ្យពួកគេធ្លាក់ចេញពីការប្រជែងដណ្តើមចំណាត់ថ្នាក់កំពូលទាំង៤។ ប៉ុន្តែ ក្រុម Man United បានកាត់បន្ថយសម្ពាធលើអ្នកចាត់ការទូទៅរបស់ពួកគេ តាមរយៈការយកឈ្នះ ៣-០ ក្នុងទីក្រុងឡុងដ៍ ហើយបែរជាលោក Nuno Espirito Santo គ្រូបង្វឹករបស់ក្រុម Spurs ទៅវិញជាអ្នកបាត់បង់ការងារ កាលពីថ្ងៃចន្ទ។
ការសម្រេចចិត្តរបស់លោកក្នុងការដាក់ឲ្យ Cristiano Ronaldo ចាប់ដៃគូជាមួយនឹង Edinson Cavani ក្នុងតំបន់ប្រយុទ្ធលើទឹកដីក្រុម Spurs និងប្រើប្រាស់ខ្សែការពារ៣នាក់ បានទទួលផ្លែផ្កា ខណៈដែល Ronaldo បានស៊ុតបាល់បញ្ចូលទី និងបានជួយឲ្យ Cavani រកបាន១គ្រាប់។ ក្នុងសន្និសីទមុនការប្រកួតកាលពីថ្ងៃចន្ទ លោក Solskjaer បានឲ្យដឹងថា៖ «ការរិះគន់អាចធ្វើឲ្យអ្នកមិនច្បាស់លើខ្លួនឯង បើមិនអ៊ីចឹងអ្នកអាចក្រោកឈរដោយខ្លួនឯងបាន។ ខ្ញុំតែងតែពេញចិត្តនឹងការរិះគន់»៕
ប្រភពព័ត៌មាន៖ Channel News Asia