គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានជម្រាបជូនទៅដល់សាមីក្លិបទាំងអស់ និងអ្នកពាក់ព័ន្ធ ដើម្បីរៀបចំបើកឱ្យការចូលរួមផ្ទាល់របស់អ្នកទស្សនា ទាំងមនៅក្នុងការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន និងពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២១។
តាមការជូនដំណឹងនេះ CNCC បានសម្រេចអនុញ្ញាតឱ្យទស្សនិកជនចូលរួមទស្សនាការប្រកួត ដោយកំណត់ចំនួនពាក់កណ្តាល (៥០ភាគរយ) នៃចំនួនកៅអី អង្គុយសរុប ក្នុងកីឡដ្ឋានរបស់ក្លិបបាល់ទាត់នីមួយៗ ដែលអាស្រ័យទៅតាមមូលដ្ឋានតំបន់រាជធានី-ខេត្តនីមួយៗរបស់ខ្លួន។
យ៉ាងណាក៏ដោយ CNCC បានកំណត់នូវលក្ខខណ្ឌច្បាស់លាស់ សម្រាប់ទស្សនិកជន ដែលចង់ចូលរួមទស្សនាផ្ទាល់ ទី១ អ្នកទស្សនា ត្រូវចំឈ្មោះជាមុន ដោយកំណត់នូវទីតាំងកៅអីអង្គុយ និងអាសយដ្ឋានច្បាស់លាស់ រួមទាំងលេខទូរស័ព្ទ ទី២ អ្នកទស្សនា ត្រូវភ្ជាប់មកជាមួយនៅអត្តសញ្ញាណបណ្ណ និងបណ្ណចាក់វ៉ាក់សាំង បង្ការជំងៃកូវីដ១៩ ទី៣ ត្រូវធ្វើការវាសកម្តៅ និងសម្អាតអនាម័យដៃ ដោយអាល់កុល ឬជែល ដល់ទស្សនិកជនទាំងអស់ មុនអនុញ្ញាតឱ្យចូលបរិវេណកីឡដ្ឋាន។
ចំណែកទី៤ ត្រូវមានការរក្សាគម្លាត សុវត្ថិភាព ប្រវែង ១,៥ម៉ែត្រ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ទី៥ ទស្សនិកជន ត្រូវពាក់ម៉ាស ជាប់ជាប្រចាំ ក្នុងកំលុងពេលទស្សនាការប្រកួត ទី៦ មិនអនុញ្ញាតឱ្យទស្សនិកជន ដែលមានអាការៈសង្ស័យ ឬជំងឺផ្តាសាយ ចូលទស្សនាការប្រកួតឡើយ ទី៧ ក្លិបដែលមិនបានអនុវត្ត តាមវិធានការរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់ CNCC នឹងមិនអនុញ្ញាតឱ្យមានទស្សនិកជន ចូលទស្សនាជាដាច់ខាត ហើយទី៨ គឺក្នុងការករណីការប្រកួតណាមួយ រកឃើញទស្សនិកជន ដែលមានវិជ្ជមាន ឬសង្ស័យមានជំងឺកូវីដ១៩ ហើយនៅតែអនុញ្ញាតឱ្យចូលរួមការប្រកួតទៀត នោះ CNCC នឹងផ្អាកជាបណ្តោះអាសន្ន ដោយមិនឱ្យទស្សនិកជន ចូលរួមទស្សនា សម្រាប់ការប្រកួតនោះ រហូតដល់មានការសម្រេចជាថ្មី ពី CNCC៕



