សម្រាប់ការ​បើក​ឱ្យ​មាន​ការ​ប្រកួត​ជា​ថ្មី នៃ​លីគកំពូលកម្ពុជា ឆ្នាំ​២០២១ នៅរសៀល​ម៉ោង ៣:៣០ ថ្ងៃ​នេះ ក្រុម​ត្រូវ​ប្រឈមមុខ​ដាក់​គ្នា វិសាខា និង​ក្រុមម្ចាស់​ផ្ទះ​អង្គរ​ថាយហ្គឺរ សុទ្ធតែ​បាន​បង្ហាញការ​តាំង​ចិត្ត និង​ប្តេជ្ញា​ចិត្ត ស្វែង​រក​ជ័យជម្នះ​រៀងៗ​ខ្លួន ប៉ុន្តែ វិសាខា ហាក់​មាន​ភាព​​ជឿជាក់ខ្លាំង​ជាង។

គ្រូ​បង្គោល​ស្តីទី​ក្រុម​វិសាខា លោក Tunji Ayoyinka Akeeb បានអះអាង​ថា ក្រុម​របស់លោក បាន​ខិតខំ​ហ្វឹកហាត់ខ្លាំងណាស់ ដើម្បី​ត្រៀមការ​វិលត្រឡប់​មក​វិញ នៃ​លីគកំពូល​កម្ពុជា​នេះ ហើយ វិសាខា បាន​ប្តេជ្ញា​ថា នឹង​ធ្វើ​ឱ្យបាន​ល្អបំផុត ដើម្បី​ស្វែង​រក​ការ​ឈ្នះ​គ្រប់ការ​ប្រកួត ដែល​នៅ​សល់ ទៅតាមឆន្ទៈ​របស់ខ្លួន។

តាម​រយៈ​ក្លិប​វិសាខា​ផ្ទាល់ លោក Tunji Ayoyinka Akeeb បាន​និយាយ​ថា៖​«កីឡាករ​​ទាំងអស់ បាន​ខិតខំ​ប្រឹង​ហ្វឹក​ហាត់​ខ្លាំង សម្រាប់​រយៈ​ពេល ៣សប្តាហ៍​ចុង​ក្រោយ​នេះ ដើម្បី​ត្រៀម​ការ​ប្រកួត​ត្រឡប់​មក​វិញ ព្រោះ​ពួកយើងដឹង​ហើយ​ថា ៣​ប្រកួត​ចុង​ក្រោយនេះ គឺ​​សំខាន់ណាស់ ដែល​យើងត្រូវការ​ឈ្នះ ជា​ចាំបាច់»។

គ្រូ​បង្គោលស្តី ដែលបាន​រួមចំណែក​ដឹកនាំ​ក្រុម​វិសាខា យក​ឈ្នះក្រុមអង្គរថាយហ្គឺរ ៣-១ កាល​នៅជា​គ្រូជំនួយ ពេល​ប្រកួតជើងទី​១​ លោក Tunji Ayoyinka Akeeb បាន​បន្ថែម​ថា៖​ «ពួក​យើង​ប្តេជ្ញា​ធ្វើ​ឱ្យបាន​ល្អបំផុត ដើម្បីដណ្តើម​ពាន​រង្វាន់លីគកំពូលកម្ពុជា ឆ្នាំ​២០២១ ប៉ុន្តែ​អ្វី​​ដែលសំខាន់ ពួក​យើង នឹង​ផ្តោត​ទៅលើ​ការប្រកួតម្តងមួយៗ ពិសេស​ការ​ប្រកួត​ជាមួយក្រុមអង្គរថាយហ្គឺរ សប្តាហ៍នេះ»។

យ៉ាង​ណា​មិញ អ្នក​ចាត់ការទូទៅ​ក្រុមអង្គរ​ថាយហ្គឺរ លោក Yusuke Shinoda ក៏មានការ​ជឿជាក់​ខ្លាំង​ថា ក្លិបរបស់​លោក នឹងអាច​ផ្ដល់នូវការលើកទឹកចិត្ត, ស្នាមញញឹម និងកម្លាំងដល់អ្នកខេត្តសៀមរាប ដែលប៉ះពាល់ដោយការរាលដាលជំងឺកូវីដ១៩​ផងដែរ ហើយ​​លោក​បាន​អះអាងថា ការ​ជួប​ក្រុម​វិសាខា នៅ​កីឡដ្ឋាន​អេស.អរ.យូ នា​រសៀល​ថ្ងៃ​ពុធនេះ ជាថ្ងៃ​របស់​ក្លិបអង្គរថាយហ្គឺរ ឬ Angkor Tiger FC Day។

លោក Yusuke Shinoda បាន​ថ្លែង​ប្រាប់ប្រព័ន្ធផ្សព្វ​ផ្សាយ​ថា៖ ​«ក្លិប​របស់​យើង ​នឹង​ផ្ដល់​នូវ​ការ​លើក​ទឹក​ចិត្ត, ស្នាម​ញញឹម និង​កម្លាំង​ចិត្ត​ដល់​អ្នក​ខេត្ត​សៀមរាប តាម​រយៈ​ការ​តស៊ូ​របស់​យើង។ មិន​ថា ស្ថាន​ភាព​ពិបាក​កម្រិត​ណាទេ ក្នុង​នាម​ជា​ក្រុម​តំណាង​កម្ពុជា និង​តំណាង​​ខេត្ត​សៀមរាប យើង​នឹង​តស៊ូ​ដល់​ទី​បញ្ចប់។ យើង​នឹង​បង្ហាញថា ថ្ងៃនេះ គឺជា Angkor Tiger FC Day។ សូម​ឱ្យ​អ្នក​គាំទ្រ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​យើង​ នៅ​លើទឹក​ដី​ដ៏ស្រស់​ស្អាត​របស់​យើង។ សូម​គាំទ្រ​យើង និង​ប្រយុទ្ធ​ទាំង​អស់​គ្នា»៕