បរទេស៖ ក្រុមហង្សក្រហម Liverpool និង Ajax បាន​រក្សា​កំណត់ត្រា​យ៉ាងល្អ​ឥត​ខ្ចោះ​របស់​ខ្លួន ក្នុងក្រប​ខ័ណ្ឌ Champions League នៅ​រដូវកាល​នេះ ដើម្បី​ឈាន​ទៅ​វគ្គ​​១៦​ក្រុម​ចុងក្រោយ​កាលពីថ្ងៃពុធ​។

ក្រុម​របស់​លោក Jurgen Klopp បានផ្តួល​ក្រុម Atletico Madrid ក្នុងការ​ប្រកួត​ដ៏​រំភើប​មួយនា​កីឡដ្ឋាន Anfield ខណៈ​ដែល​កីឡាករ Diogo Jota និង Sadio Mane បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដូចគ្នា ក្នុង​រយៈពេល​២១នាទី​ដំបូង ដើម្បី​កត់ត្រា​ជ័យ​ជម្នះក្នុងលទ្ធផល ២-០​។ បច្ចុប្បន្ន Liverpool មាន​សុវត្ថិភាព​រួច​ជាស្រេច​ក្នុងការ​បញ្ចប់​ដោយ​ការ​ឈរលេខ​១ក្នុង​ពូល ដោយ​នាំមុខ​ក្រុម Porto ដល់ទៅ​៧ពិន្ទុ ខណៈ​ដែល​នៅ​សល់​ការ​ប្រកួតត្រឹម​តែ​២លើក​ទៀត​ប៉ុណ្ណោះ ហើយ​ក្រុម Atletico ដេញ​តាមពីក្រោយ​៨ពិន្ទុ ក្នុ​ង​ចំណាត់ថ្នាក់លេខ​៣​។ លោក Klopp បាន​ប្រាប់​សារ​ព័ត៌​មាន BT Sport ថា៖ «អ្នក​នឹង​ទទួល​បាន​ប្រាក់​ជាច្រើន​ក្នុង​ពេល​ឈ្នះការ​ប្រកួតនីមួយ​ៗ​ក្នុង Champions League​​។

គោល​ដៅ​ទី​១​គឺ​ការ​ឆ្លង​ផុតពូលនេះ ប៉ុន្តែ យើង​ធ្វើ​បាន​សម្រេច ក្នុង​ពេល​នៅ​សល់​២​ប្រកួត​ទៀត​»​។ ស្រ​ប​ពេល​ជាមួយ​គ្នា​នេះ ក្រុម Ajax បានរក្សា​ភាព​ខ្លាំង​របស់​ខ្លួនក្នុងក្រប​ខ័ណ្ឌ​អឺ​រ៉ុប តាមរយៈ​ការ​វាយ​បក​ដេញ​តាមពីក្រោយ ដើម្បី​ទទួល​ជ័យ​ជម្នះក្នុងលទ្ធផល ៣-១ លើ​ក្រុម Borussia Dortmund ខណៈ​ដែល Sebastien Haller រក​បាន​គ្រាប់បាល់​ទី​៧​របស់​គេ ក្នុង​ការ​បង្ហាញខ្លួន​​ត្រឹម​តែ​៤លើកក្នុងក្រប​ខ័ណ្ឌ Champions League៕

ប្រភព​ព័ត៌មាន៖ Channel News Asia