ការវិលមកជួបគ្នារវាងក្រុមម្ចាស់ផ្ទះ វិសាខា និងភ្នំពេញក្រោន នៅរសៀលម៉ោង ៣:៣០ ថ្ងៃនេះ បានក្លាយជាជំនួបដ៏ធំ ដែលគេរំពឹងថា នឹងមានឆាកប្រកួតគ្នាដ៏កក្រើក ដើម្បីប្រជែងគ្នាក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២១នេះ ខណៈជំនួបជើងទី១ ក្រុមទាំង២នេះ បានស្មើគ្នា ៣-៣។
ទាំងគ្រូបង្វឹកក្រុមភ្នំពេញក្រោន លោក Oleg Starynskyi និងគ្រូបង្វឹកស្តីទីរបស់ក្រុមវិសាខា លោក Tunji Ayoyinka Akeeb សុទ្ធតែបានអះអាងពីការខំប្រឹងខ្លាំង ត្រៀមការប្រកួតនេះ ហើយបានចាត់ទុកជំនួបនេះ ថាជាការប្រកួតផ្តាច់ព្រ័ត្រ ដើម្បីកំណត់ក្រុម ដែលត្រូវឈ្នះពាន នៅរដូវកាលនេះ ព្រោះពេលនេះ ភ្នំពេញក្រោន ដែលឈរនៅលេខ១ស្រាប់ មាន៤០ពិន្ទុ ហើយក្រុមវិសាខា ឈរនៅលេខ២ មាន៣៨ ពិន្ទុ ខណៈក្រុមទាំង២នេះ នៅសល់២ប្រកួតទៀតដូចគ្នា។
យ៉ាងណាក៏ដោយ តាមរយៈលទ្ធផល និងពិន្ទុនៅពេលនេះ អាចបង្ហាញបានថា ក្រុមភ្នំពេញក្រោន មានប្រៀបខ្លាំងជាង វិសាខា ព្រោះបើនពួកគេ ដណ្តើមបាន៣ពិន្ទុលើកនេះ នោះក្រុមនេះ នឹងក្លាយម្ចាស់ជើងឯក ដោយស្វ័យប្រវត្តិតែមួយ បើទោះបីជា នៅសល់១ប្រកួតទៀត ជាមួយ ក្រុមបឹងកេត ក៏ដោយ ខណៈជំនួបនេះ គ្រូភ្នំពេញក្រោន នឹងប្រយុទ្ធឱ្យពីលទ្ធភាព ដោយឈ្នះ៣ពិន្ទុដ៏សំខាន់នេះ។
តាមរយៈក្លិបភ្នំពេញក្រោន ផ្ទាល់ លោក Oleg Starynskyi បាននិយាយថា៖ «នេះជាការប្រកួតក្រុមស្ថិតនៅលេខរៀងទី១ និងលេខ២ ហើយក្រុមដែលទទួលបានជ័យជម្នះ ក្នុងការប្រកួតនេះ នឹងក្លាយជាជើងឯក ដូច្នេះសម្រាប់ក្រុមយើង គឺធ្វើការខ្លាំងណាស់ ដើម្បីការពារ តំបន់ដែលយើងកំពុងឈរ ក្នុងពេលនេះ ហេតុនេះ យើងទៅកីឡដ្ឋានរបស់វិសាខា ដើម្បីចំណុចមួយប៉ុណ្ណោះ គឺឈ្នះ៣ពិន្ទុ»។
លោកបានបន្ថែមថា៖ «យើងមិនខ្វល់ពីគូប្រកួតរបស់យើង នោះទេ។ វាដូចជាការប្រកួតពីមុនមកអ៊ីចឹង គឺទាំងការប្រកួតជាមួយវិសាខា និងការប្រកួតបន្ទាប់ជាមួយបឹងកេត យើងមានគោលបំណងមួយប៉ុណ្ណោះ គឺដើម្បីជ័យជម្នះ ព្រោះក្លិបមានមហិច្ឆតា ជាមួយនឹងប្រវត្តិរបស់ខ្លួន ហេតុនេះកីឡាករទាំងអស់ ត្រូវតែមានការជំរុញ នៃភាពជោគជ័យ ហើយប្រយុទ្ធឱ្យអស់ពីលទ្ធភាព។ នេះជាមូលហេតុដែលខ្ញុំនិយាយថា យើងត្រូវតែទទួលយកនៅសម្ពាធទាំងអស់ ហើយយកថាមពលពីវា ដើម្បីជ័យជម្នះ»។
ចំណែកលោក Tunji Ayoyinka Akeeb បានអះអាងថា វិសាខា បានត្រៀមខ្លួនគ្រប់យ៉ាង ដើម្បីទប់ទល់នឹង ភ្នំពេញក្រោន លើកនេះ។ «ពួកយើង បានត្រៀមខ្លួនរួចរាល់ ទាំងស្មារតី និងកម្លាំងកាយ ដើម្បីត្រៀមការប្រកួតទល់នឹងក្លិបភ្នំពេញក្រោន លើកនេះ។ កីឡាកររបស់យើងបានខំប្រឹងហ្វឹកហាត់ខ្លាំងណាស់ ទាំងកម្លាំង និងបច្ចេកទេស ដើម្បីត្រៀមការប្រកួតនេះ»។
លោកបានបន្ថែមថា៖ «ដូចបងប្អូន បានលើកឡើងថា ការប្រកួតនេះ ជាជំនួបដ៏ធំ ប្រៀបដូចវគ្គផ្តាច់ព្រ័ត្រ គឺច្បាស់ណាស់ ព្រោះវានឹងក្លាយជាការប្រកួតដ៏អស្ចារ្យមួយ ដែលសម្រេចថា តើក្រុមមួយណា នឹងមានភាគរយច្រើន ដើម្បីក្លាយជាជើងឯកពានរង្វាន់លីគកំពូលកម្ពុជា នៅឆ្នាំ២០២១នេះ»។
ដោយឡែក ក្រុមឈរនៅតំបន់កំពូលតារាងទាំង៨ ក៏ត្រូវប្រកួតប្រជែងគ្នា នៅថ្ងៃនេះ ផងដែរ ខណៈក្រុមសូលទីឡូអង្គរ ត្រូវស្វាគមន៍ក្រុមខេត្តព្រៃវែង ដើម្បីបង្រ្គប់ការប្រកួតលើកទី១៦ របស់ពួកគេ ហើយនេះក៏ជាការប្រកួតកំណត់ជោគវាសនារបស់ សូលទីឡូអង្គរ ផងដែរ ថាតើពួកគេ អាចដណ្តើម៣ពិន្ទុ ដើម្បីអ៊ុតបាល់ឱកាសចុងក្រោយរបស់ខ្លួន នៅក្នុងការប្រកួត លើកទី១៧ ឬក៏បន្តចាញ់ និងត្រូវកាត់ចោល ឱ្យទៅលេង នៅលីគទី២ វិញ ត្រឹមការប្រកួតលើកនេះ ព្រោះពេលនេះ៕