បរទេស៖ លោក Thomas Tuchel អ្នក​ចាត់ការទូទៅ​របស់ Chelsea នឹង​​បង្ខំ​ចិត្ត​ធ្វើ​ការ​សម្រេច​ចិត្ត​ចុងក្រោយ​លើកីឡាករ​​រូប​​ណា​ដែល​ត្រូវ​ចូល​លេង ក្នុងនោះ​រាប់​បញ្ចូល​ទាំង​ខ្សែ​ប្រយុទ្ធ Romelu Lukaku ផង​ដែរ សម្រាប់​​ការប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ចែកពូល​ជា​មួយនឹងក្រុម Juventus ប៉ុន្តែ លោក​បានប​ញ្ជាក់​កាលពីថ្ងៃ​ចន្ទ​ថា ខ្សែ​បម្រើ​ដ៏មាន​ឥទ្ធិពល Jorginho នឹង​ចូលលេង ក្រោយពី​ត្រូវ​បានប្តូរ​ចេញ​ពេល​ប្រកួត​ជាមួយ Leicester City កាលពី​ចុងសប្តាហ៍​មុន​។

Lukaku មិន​បាន​ចូល​លេង​សោះ បើ​គិត​ចាប់​តាំងពី​រ​របួស​ក​ជើង​ក្នុង​ពេល​ក្រុម​ខ្លួន​បានយកឈ្នះ​លើ​ក្រុម Malmo ក្នុងលទ្ធផល ៤-០ កាលពី​ខែ​មុន ប៉ុន្តែ​ត្រូវ​បាន​រំពឹង​ទុកថា នឹង​វិល​ចូលលេង​វិញ ពេល​ប្រកួត​ជា​មួយនឹងក្រុម Juventus ​របស់​អ៊ីតាលី នៅ​រាត្រីនេះ​។ លោក Tuchel បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា៖ «ខ្ញុំ​មិន​ប្រាកដ​ជាមួយនឹង Lukaku នៅ​ឡើយ​ទេ​។ រូប​គេ​ហាក់​មិន​អី​ក្នុងពេលហ្វឹកហាត់​ម្សិលមិញ​។ យើង​នឹង​រងចាំមើល​ពី​ប្រតិបត្តិ​នេះ​។ រូប​គេ​មាន​ការ​ណាត់​ជួប​គ្នាមួយ​ជាមួយនឹង​គ្រូពេទ្យ និង​ពេទ្យ​ផ្នែក​កាយ​សម្បទា​។ នាទី​ចុងក្រោយ​​នឹងក្លាយ​ជា​ពេល​វេលា​ដ៏សំខាន់​បំផុត​»​។

ក្រុម​​ម្ចាស់​ការ​ពារ​ជើង​ឯក Chelsea ដែល​បាន​រង​បរា​ជ័យ​ក្នុងលទ្ធផល ១-០ កាលពី​ជើង​​មុនក្នុង​ខែ​កញ្ញា កំពុង​តែ​ដេញតាមពីក្រោយ Juventus ៣ពិន្ទុ ក្រោយពីការ​ប្រកួត​៤លើកក្នុងពូល H​។ ក្រុម​តោ​ខៀវ​មួយនេះ ត្រូវ​ការ​ត្រឹម​តែ​១ពិន្ទុ​ប៉ុណ្ណោះ ពីការ​ប្រកួត​នៅកីឡដ្ឋាន Stamford Bridge ដើម្បីកក់​កៅអី​របស់ខ្លួន​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia