បរទេស៖ លោក Michael Carrick បានប​ញ្ជាក់​កាលពីថ្ងៃ​ចន្ទ​ថា លោក​កំពុង​តែ​​រីក​រាយ​នឹង​ការ​ទទួល​បាន «សិទ្ធិ​ពិសេស» ក្នុងការ​​ដឹកនាំ​ក្រុម Manchester United ជា​បណ្តោះ​អាសន្ន ខណៈ​ដែល​ប្រធានក្រុម Harry Maguire បាន​ទា​ទារ​ឲ្យ​កីឡាករ​ទទួល​ខុស​ត្រូវ​ចំពោះ​​ការ​ទទួល​បាន​លទ្ធផល​ដ៏ខក​ចិត្ត​ជា​បន្ត​បន្ទាប់ ដែល​នាំ​ឲ្យ​លោក Ole Gunnar Solskjaer រង​ការ​បណ្តេញ​ចេញ​។

លោក Solskjaer ត្រូវ​បាន​បណ្តេញ​ចេញ​កាលពីថ្ងៃ​អាទិត្យ ក្រោយពី​​ការ​ជួបលទ្ធផល​ឈ្នះ​តែ​១លើក​គត់ក្នុង​ចំណោម​ការ​ប្រកួត​៧​លើក​ចុងក្រោយ​ក្នុងក្រប​ខ័ណ្ឌ Premier League​ ក្នុង​រាប់​បញ្ចូល​ទាំង​ការ​ចាញ់ក្រុម Leicester, Liverpool, Manchester City និង Watford ផង​ដែរ​។ លោក Carrick វ័យ​៤០​ឆ្នាំ គឺ​ជា​សមា​ជិកក្នុង​ក្រុម​បុគ្គ​លិក​​គ្រូបង្វឹក​របស់​គ្រូបង្វឹក​សញ្ជាតិ​ន័រ​វែស​រូបនេះ ប៉ុន្តែ​នឹង​ចូល​កាន់​តំណែង​បណ្តោះ​អាសន្ន ក្នុង​ពេល​ដែលក្លិប​កំពុង​ធ្វើការ​លើ​ផែនការ​តែង​តាំង​អ្នក​ចាត់​ការ​ទូទៅ​បណ្តោះ​​អាសន្នម្នាក់ រហូត​ដល់​បញ្ចប់​រដូវកាល​នេះ​។

លោក Carrick ដែល​បាន​ឈ្នះពាន​ជា​ច្រើនក្នុងនាម​ជា​កីឡាករ​របស់​ក្លិប Man United នៅចន្លោះឆ្នាំ​២០០៦ និង​២០១៨នោះ​ បាន​ឲ្យដឹងថា៖ «ការ​ឃើញ​លោក Ole បាត់​បង់​ការ​ងារ​កាលពី​ម្សិលមិញ ពិត​ជា​រឿង​ដ៏ខក​ចិត្ត​សម្រាប់ខ្ញុំ និង​សម្រាប់​គ្រប់គ្នា​ក្នុងក្លិបនេះ​។ វា​ជា​សិទ្ធិ​ពិសេស​មួយ​សម្រាប់​ខ្ញុំ​ក្នុងការ​អង្គុយ​នៅកន្លែង​នេះ ហើយ​ខ្ញុំ​​យល់​ច្បាស់ពីកម្រិត​សមត្ថភាព​ដែល​តម្រូវ​សម្រាប់​តំណែង​នេះ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia