កីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជា អ៊ូច ធារិទ្ធ បានអះអាងថា ការប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាន នៅលើសង្វៀនថោន នាថ្ងៃអាទិត្យនេះ រូបគេមានការបារម្ភ និងញញើតតែទៅលើអ្នកលេងកណ្តាប់ដៃ លាភ រដ្ឋា ម្នាក់ប៉ុណ្ណោះ ប៉ុន្តែបើសិនចាប់ឆ្នោតប៉ះគូសត្រូវចាស់ ធន់ អៀនឡៃ គឺរូបគេនឹងវ៉ៃឱ្យសន្លប់ ចំណែកបេក្ខភាពម្នាក់ទៀតគឺ គង់ ហូវ មិនស្ថិតនៅក្នុងការចាប់អារម្មណ៍របស់អ្នកទាំង៣នេះទេ។
តាមពិតសិស្សគណក្លិបអាណាចក្រគុនខ្មែរ អ៊ូច ធារិទ្ធ ធ្លាប់បានឈ្នះ លាភ រដ្ឋា ចំនួន៥លើកមកហើយ ប៉ុន្តែការចាញ់ លាភ រដ្ឋា វិញ សម្រាប់ការជួបគ្នាលើកទី៦ កន្លងមកនេះ បានធ្វើឱ្យ ធារិទ្ធ មានការចាប់អារម្មណ៍ខ្លាំងទៅលើកណ្តាប់ដៃ និងភាពរឹងមាំរបស់ លាភ រដ្ឋា ដោយគេគិតថា អាចសន្លប់បាន បើសិនហ៊ានតែប្រហែសនោះ។
កីឡាករ អ៊ូច ធារិទ្ធ បាននិយាយថា៖ «នៅក្នុងចំណោមអ្នកទាំង៣នាក់នេះ ខ្ញុំគិតថា លាភ រដ្ឋា ជាឧបសគ្គធំចំពោះខ្ញុំ ព្រោះឥឡូវគាត់មានកណ្តាប់ដៃធ្ងន់ និងមានកម្លាំងនៅល្អ វាយចេញលឿន ហើយមិនងាយស្រុតចុះនោះទេ អ៊ីចឹងបើយើងទប់ជាប់ អាចសន្លប់ក្រោមកណ្តាប់ដៃបាន។ តែទោះបីជាយ៉ាងណា ខ្ញុំនឹងព្យាយាមគេច និងវាយបកយកឈ្នះត្រឹមពិន្ទុ ហើយខ្ញុំគិតថា ខ្ញុំអាចធ្វើបាន»។
ចំណែក លាភ រដ្ឋា ក៏បារម្ភទៅលើសមត្ថភាពរបស់ អ៊ូច ធារិទ្ធ ផងដែរ ដោយនិយាយថា៖«នៅក្នុងចំណោមអ្នកប្រដាល់ទាំង ៣ នេះ ខ្ញុំលំបាកប្រកួតជាមួយ អ៊ូច ធារិទ្ធ ព្រោះគាត់ប្រើស្នៀតបានគ្រប់ផ្នែក និងមានបច្ចេកទេសវាយគេចលឿន លំបាកវាយឱ្យចូលដល់គោលដៅណាស់ តែក្រៅពី អ៊ូច ធារិទ្ធ ខ្ញុំមិនសូវព្រួយបារម្ភ ពីរឿងចាញ់នោះទេ»។
ដោយឡែកបេក្ខភាព ធន់ អៀនឡៃ ក៏មានសមត្ថភាពខ្លាំង មិនអាចមើលរំលងបាននោះដែរ ព្រោះ អៀនឡៃ ក៏ធ្លាប់ប្រកួតឈ្នះ និងចាញ់ ជាមួយ លាភ រដ្ឋា ផងដែរ ជាពិសេសរូបគេបានទម្លាក់ អ៊ូ ធារិទ្ធ នៅក្នុងការប្រកួតវគ្គ៨នាក់ចុងក្រោយ សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់ នៅលើសង្វៀន PNN ផងដែរ។
តែទោះបីជាយ៉ាងណា អ៊ូច ធារិទ្ធ បានហៅការកាត់សេចក្តីនោះថា ជាការសម្រេចដោយលម្អៀង និងមិនយុត្តិធម៌ចំពោះរូបគេ ហើយការប្រកួតនេះ បើសិនជារូបគេ ចាប់ឆ្នោតប៉ះ ធន់ អៀនឡៃ នឹងវ៉ៃឱ្យសន្លប់តែម្តង។ ធារិទ្ធ បានបញ្ជាក់ថា៖«ធន់ អៀនឡៃ ដែលធ្លាប់ឈ្នះពិន្ទុខ្ញុំ ដោយអយុត្តិធម៌នោះ ខ្ញុំគ្មានញញើត ឬខ្លាចអ្វីបន្តិចទេ គឺចង់ប៉ះគ្នាតាំងពីវគ្គដំបូង ដើម្បីផ្តួលឱ្យសន្លប់តែម្តង»។
ចំណែកលោក ធន់ សុភា គ្រូបង្វឹក ធន់ អៀនឡៃ បានចាត់ទុក អ៊ូ ធារិទ្ធ និង លាភ រដ្ឋា ជាឧបសគ្គធំ ចំពោះ ធន់ អៀនឡៃ សម្រាប់ការប្រកួតដណ្តើមប្រាក់លាន លើកនេះ ដោយបានបញ្ជាក់ថា៖ «អ្នកទាំង២នេះ មានបទពិសោធល្អ ជាកីឡាករចាស់វស្សា គឺពិតជាលំបាកឈ្នះណាស់ ប៉ុន្តែខ្ញុំនៅតែមានជំនឿថា ធន់ អៀនឡៃ មានប្រៀបឈ្នះច្រើន គឺ ៧០ ភាគរយ»៕