បរទេស៖ លោក Simone Inzaghi គ្រូបង្វឹករបស់ក្រុម Inter Milan បានបញ្ជាក់ថា ការបង្ហាញពីទម្រង់លេងយ៉ាងល្អនាពេលថ្មីៗរបស់ក្រុមលោក នឹងធ្វើឲ្យពួកគេស្ថិតក្នុងទីតាំងយ៉ាងល្អ ខណៈដែលពួកគេសម្លឹងរកជ័យជម្នះក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៅលើទឹកដីក្រុម Real Madrid ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ១ក្នុងពូលរបស់ពួកគេ។
Inter បានឈ្នះកៅអីទៅវគ្គបន្តរួចជាស្រេច ប៉ុន្តែ នឹងឈានទៅវគ្គ១៦ក្រុមចុងក្រោយក្នុងនាមជាក្រុមឈរលេខ១ក្នុងពូល D ប្រសិនបើពួកគេផ្តួលក្រុម Real នាកីឡដ្ឋាន Bernabeu នៅរាត្រីនេះ។ ការដឹកនាំឲ្យក្រុម Inter ឆ្លងផុតវគ្គចែកពូលជាលើកដំបូង បើគិតចាប់តាំងពីរដូវកាលឆ្នាំ២០១១-២០១២ គឺជាគោលដៅដ៏សម្បងរបស់លោក Inzaghi ប៉ុន្តែ លោកបានបញ្ជាក់ថា នៅមានគោលដៅមួយទៀតដែលត្រូវសម្រេចឲ្យបានពេលទៅប្រកួតក្នុងរដ្ឋធានីអេស្ប៉ាញ។
លោកបានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា៖ «ខ្ញុំគិតថា ការប្រកួតនៅថ្ងៃស្អែកនេះពិតជាសំខាន់ណាស់សម្រាប់យើង។ ក្នុងការប្រកួតលើកទី១ជមួយនឹងក្រុម Real លើទឹកដីខ្លួនឯង យើងបានលេងយ៉ាងល្អ បើទោះបីចាញ់ ១-០ ក៏ដោយ។ ពេលនេះ យើងឈានទៅកាន់កម្រិតកំពូលនៃទម្រង់លេង ដែលបានផ្តល់ឲ្យយើងនូវការជឿជាក់ថា យើងអាចដណ្តើមបានលទ្ធផលដែលយើងត្រូវការ»៕
ប្រភពព័ត៌មាន៖ Channel News Asia