បរទេស៖ លោក Xavi Hernandez គ្រូបង្វឹកក្រុម Barcelona កាលពីថ្ងៃ​អង្គារ​បាន​អំ​ពាវ​នាវ​ឲ្យ​ក្រុម​របស់​លោក «បង្កើត​ប្រវត្តិសាស្ត្រ» នៅសប្តាហ៍​នេះ តាមរយៈ​ការ​ធ្វើ​ឲ្យក្រុម Bayern Munich រង​បរា​ជ័យ​​លើទឹកដីខ្លួន​ឯង ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ចែក​ពូលជាលើក​ដំបូង បើ​គិត​ចាប់​តាំងពីឆ្នាំ​២០១៣​។

នៅ​មុន​ពេល​ការ​ប្រកួត​ក្នុង​ទីក្រុង Munich នៅ​រាត្រីនេះ ដែល​ជាកន្លែងក្រុម​យក្ស​អេ​ស្ប៉ាញ Barca បាន​រង​បរា​ជ័យ​៣លើក និង​ស្មើ១លើក​ក្នុងចំណោម​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League ទាំង​៤លើក​របស់ពួក​គេ​កាលពីមុន លោក Xavi បាន​ឲ្យដឹងថា៖ «Barca អាច​ផ្តួលក្រុម​ណា​ក៏​បាន​ដែរ​។ ប្រសិន​បើ​យើង​ឈ្នះ វា​នឹងក្លាយ​ជា​ការ​ឈ្នះ​ជាលើកដំបូង​របស់ Barca ក្នុង​ទីក្រុង Munich​។ យើង​មាន​ឱកាស​ដ៏ល្អមួយ​ដើម្បី​បង្កើត​ប្រវត្តិសាស្ត្រ​»​។ លោក Xavi វ័យ​៤១​ឆ្នាំ បាន​ចូល​កាន់តំណែង​ក្នុងក្រុម​ធ្លាក់​ទម្រង់​មួយ កាលពី​៤សប្តាហ៍មុន ប៉ុន្តែ បាន​រងបរា​ជ័យ​ជាលើក​ដំបូង​របស់លោក ក្នុងនាម​ជាគ្រូបង្វឹក កាលពី​ចុងសប្តាហ៍​មុន លើ​ទឹកដីខ្លួន​ឯង ក្រោមស្នា​ដៃក្រុម Real Betis​។

Bayern បាន​ឈ្នះកៅអី​ទៅ​លេងក្នុង​វគ្គ​១៦ក្រុម​ចុងក្រោយ​រួច​ជាស្រេច ក្នុងនាម​ជា​ក្រុមលេខ​១ក្នុងពូល ប៉ុន្តែ ចង់​ឈ្នះ​ជាលើក​ទី​៦​ពីការប្រកួត​ទាំង​៦លើក ក្នុង​វគ្គ​ចែកពូល នៅពេល​ដែលពួកគេធ្វើ​ជាម្ចាស់​ផ្ទះ​ទទួល​ក្រុម Barcelona ដែល​ពួកគេ​បានផ្តួល ៣-០ នា​កីឡដ្ឋាន Camp  Nou កាលពី​ខែ​កញ្ញា​។ Barcelona កំពុង​តែ​ស្ថិតក្នុងចំណាត់​ថ្នាក់លេខ​២ ក្នុងពូល E ប៉ុន្តែ ត្រូវ​​តែ​ឈ្នះនៅកីឡដ្ឋាន Allianz Arena ដើម្បី​ឈ្នះកៅអី​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia