ក្រុង​ឡុងដ៍: Swansea បាន​កត់​ត្រា​ជ័យ​ជម្នះ​ដ៏ធំបំផុត​ក្នុង​​ការប្រកួត​​ពាន FA Cup ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ពួក​គេ ខណៈ​​ដែល​កីឡាករ Tammy Abraham និង Nathan Dyer បាន​ជួយ​ឲ្យ​ពួក​គេ​ដណ្តើម​បាន​ជ័យ​ជម្នះ​យ៉ាង​កក់​ក្តៅ​ក្នុង​​លទ្ធផល ៨-១ លើ​ក្រុម Notts County ក្នុង​ការប្រកួត​ជុំ​ទី​៤ កាល​ពី​ថ្ងៃ​អង្គារ​។

បើ​ទោះ​បី​ប្រើប្រាស់​ក្រុម​ដែល​​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​ក៏ដោយ ប៉ុន្តែ Swansea បាន​គ្រប់​គ្រង​អារម្មណ៍​របស់ពួកគេ​យ៉ាងល្អ តាមរយៈ​ការ​រក​គ្រាប់​បាល់​​បញ្ចូល​ទី​ត្រឹម​តែ​ចន្លោះ​ពេល​២​នាទី ក្នុង​តង់​ទី​១ នា​កីឡដ្ឋាន Liberty​។

ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ដ៏ធំ​របស់​ក្រុម Swansea មាន​ន័យ​ថា បច្ចុប្ប​ន្ន​លោក​គ្រូបង្វឹក Carlos Carvalhal​ អាច​សម្លឹង​​ឆ្ពោះ​ទៅ​កាន់​ការប្រកួត​ជុំ​ទី​៥​នៅ​លើ​ទឹក​ដីក្រុម Sheffield Wednesday ដែលទើប​តែ​បាន​បណ្តេញ​​លោក​ចេញពី​តំណែង​កាល​ពី​ដើម​រដូវ​កាល​នេះ​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម Huddersfield ដែលលេង​ក្នុង​ក្រប​ខ័ណ្ឌ Premier League នឹង​ធ្វើ​ដំណើរ​ទៅ​ជួបក្រុម Manchester United ក្នុង​ការប្រកួត​ជុំ​ទី​៥ ក្រោយ​ពី​បាន​កត់​ត្រា​ជ័យ​ជម្នះ ៤-១ នៅ​លើ​ទឹកដីក្រុម​ស្ថិ​តក្នុង​ក្រប​ខ័ណ្ឌ​លំ​ដាប់​ទី​២ Birmingham បន្ទាប់​ពី​នាទី​បន្ថែម​១៥​នាទី​២ដង​​៕ IS

Via :postkhmer