បរទេស៖ លោក Ralf Rangnick អ្នកចាត់​ការ​ទូទៅ​របស់​ក្រុម Manchester United មានក្រុម​ដែល​​ពេញ​កម្លាំង​ស្ទើរ​តែ​ទាំងស្រុង​ហើយ ក្នុងការ​ជ្រើស​រើស សម្រាប់ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League នៅ​ថ្ងៃ​ចន្ទ ជាមួយនឹងក្រុម Newcastle ក្រោយពី​ការផ្ទុះ​ការ​ឆ្លង​កូវីដ ១៩ បាន​​ធ្វើ​ឲ្យ​ការ​ប្រកួត​២លើក​ចុងក្រោយ​របស់ពួកគេ​ត្រូវ​ពន្យារ​ពេល​។​

មាន​តែ Paul Pogba ប៉ុណ្ណោះ ដែល​មិនទាន់​អាច​ចូល​លេង​បាន ដោយសារ​តែ​បញ្ហា​របួស ក្នុងការប្រកួត​ជាលើក​ដំបូង​របស់​លោក Rangnick ក្នុង​នាម​ជា​គ្រូបង្វឹករបស Man United ក្នុង​រយៈពេល​១៦​ថ្ងៃ​មក​នេះ​។ ការ​ប្រកួត​របស់ក្រុម Man Utd ជាមួយនឹងក្រុម Brentford និង Brighton បាន​ស្ថិត​ក្នុង​ចំណោម​ការ​ប្រកួត​​ទាំង​១២​លើក​ក្នុងក្រប​ខ័ណ្ឌ Premier League ដែល​ត្រូវ​ពន្យារ​ពេល​ ក្នុងរយៈពេល​២​សប្តាហ៍​កន្លង​មក​នេះ ដោយ​សារ​តែ​ការ​ឆ្លង​ជា​បន្តបន្ទាប់​លើ​វីរុសកូវីដ ១៩​ ស្រប​ពេល​ដែល​អង់គ្លេស កំពុង​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​ករណី​ឆ្លង​ជា​ថ្មី​។

លោក Rangnick បាន​និយាយ​កាលពីថ្ងៃព្រហស្បតិ៍​ថា៖​ «វគ្គ​ហ្វឹកហាត់​​ចុងក្រោយ យើង​​មាន​កីឡាករ​៨នាក់ និង​អ្នក​ចាំទី​៣នាក់ ហើយ​បន្ទាប់មក យើង​បិទ​ទីលាន​ហ្វឹកហាត់ ដើម្បី​ផ្អាក​សង្វាក់​ហ្វឹហាត់​​។ នៅថ្ងៃនេះ គឺ​ជា​ថ្ងៃ​ហ្វឹកហាត់​ទី​៣ នៅ​សប្តាហ៍នេះ ហើយ​យើង​មាន​កីឡាករ​ដល់ទៅ​២៥នាក់ Paul Pogba នៅ​តែ​អវត្តមាន ប៉ុន្តែ កីឡាករ​ផ្សេង​ទៀត​សុទ្ធ​សឹង​បាន​បង្ហាញមុខ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia