ក្រុមតោខៀវ Chelsea បានវាយបកតាមពីក្រោយ ២-០ ដើម្បីដណ្តើមបាន១ពិន្ទុ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុម Liverpool កាលពីថ្ងៃអាទិត្យ ដែលនាំឲ្យពួកគេមានក្តីសង្ឃឹមតិចតួចប៉ុណ្ណោះក្នុងការតាមឲ្យទាន់ក្រុម Manchester City នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League។
បច្ចុប្បន្ន ពិន្ទុនាំមុខរបស់ក្រុម Man City មាន១០ពិន្ទុពីក្រុម Chelsea ខណៈដែល Liverpool ដេញតាមពីក្រោយ១ពិន្ទុទៀត បើទោះបីនៅសល់១ប្រកួតក្នុងដៃក៏ដោយ។ លោក Jurgen Klopp គ្រូបង្វឹករបស់ក្រុម Liverpool បានអវត្តមានរួមជាមួយនឹងកីឡាករសំខាន់ៗ៣នាក់ផ្សេងទៀត ដោយសារតែតេស្តឃើញវិជ្ជមានលើវីរុសកូវីដ ១៩ ប៉ុន្តែ ក្រុមហង្សក្រហមមួយនេះ នៅតែអាចរកគ្រាប់បាល់នាំមុខ២គ្រាប់ភ្លាមៗ ដោយសារតែការសហគ្នាយ៉ាងល្អពីសំណាក់ Sadio Mane និង Mohamed Salah នៅមុនពេលពួកគេធ្វើដំណើរទៅចូលរួមក្នុងយុទ្ធនាការ Africa Cup of Nations។
លោក Thomas Tuchel គ្រូបង្វឹករបស់ក្រុម Chelsea បានសម្រេចចិត្តមិនប្រើប្រាស់ខ្សែប្រយុទ្ធ Romelu Lukaku ក្នុងជម្រើសដំបូង ក្រោយពីតារាឆ្នើមអន្តរជាតិបែលហ្ស៊ិករូបនេះ បាននិយាយជាសាធារណៈពីការមិនសប្បាយចិត្តរបស់គេចំពោះការប្រើប្រាស់មិនបានទៀងទាត់ ពីគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ៕
ប្រភពព័ត៌មាន៖ Channel News Asia