បរទេស៖ ការអសមត្ថភាពរបស់ក្រុម Liverpool ក្នុងការទម្លុះតំបន់ការពាររបស់ក្រុម Arsenal ដែលបានលេងច្រើនជាងរយៈពេល១ម៉ោង ជាមួយនឹងសមាជិកត្រឹមតែ១០នាក់ ក្នុងពេលការប្រកួតពាន League Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើឲ្យក្រុមហង្សក្រហមមួយនេះ បារម្ភពីដំណាក់កាលដែលពួកគេមិនមានតារាឆ្នើម Mohamed Salah។
ខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីបរូបនេះ នឹងអវត្តមានរហូតដល់ដាច់ខែនេះ ខណៈដែលរូបគេត្រូវបំពេញកាតព្វកិច្ចជាមួយនឹងក្រុមជម្រើសជាតិរបស់គេ ក្នុងព្រឹត្តិការណ៍ Africa Cup of Nations។ ប៉ុន្តែ ក៏មានការសង្ស័យពីអនាគតក្នុងរយៈពេលវែងរបស់ខ្សែប្រយុទ្ធដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងក្របខ័ណ្ឌ Premier League រូបនេះផងដែរ ខណៈដែលរូបគេនៅជាប់កិច្ចសន្យាត្រឹមតែ១៨ខែទៀតប៉ុណ្ណោះ ហើយក៏មិនទាន់មានសញ្ញានៃការឈានដល់ការព្រមព្រៀមគ្នាលើកុងត្រាថ្មីរវាងក្លិប និងតារាឆ្នើមរបស់ពួកគេឡើយ។
Salah បាននិយាយក្នុងកិច្ចសម្ភាសមួយជាមួយនឹងទស្សនាវដ្តី GQ នៅសប្តាហ៍នេះថា៖ «ខ្ញុំចង់បន្តនៅ ប៉ុន្តែ វាមិនមែនអាស្រ័យលើរូបខ្ញុំឡើយ។ វាអាស្រ័យទៅលើពួកគេ។ ពួកគេដឹងពីអ្វីដែលខ្ញុំចង់បាន។ ខ្ញុំមិនមែនកំពុងតែស្នើសុំយករបស់ដែលឆ្កួតៗឡើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia