បរទេស៖ លោក Farhad Moshiri ម្ចាស់ក្លិប Everton ត្រៀមខ្លួនរួចរាល់ក្នុងការធ្វើការសម្រេចចិត្តបែបប្រថុយប្រថានមួយផ្សេងទៀត តាមរយៈការតែងតាំងលោក Vitor Pereira ជាអ្នកចាត់ការទូទៅថ្មីរបស់ក្លិបនេះ។
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ ទំនេរពីការងារ ចាប់តាំងពីត្រូវបានបណ្តេញចេញដោយក្លិប Fenerbahce កាលពីខែធ្នូ ត្រូវបានគេចាត់ទុកថា គឺជាជម្រើសទី១របស់លោក Moshiri ក្រោយពីការពិភាក្សាគ្នាប្រកបដោយផ្លែផ្កា។ ការតែងតាំងលោក Pereira ត្រូវបានសមាជិកមួយចំនួនក្នុងថ្នាក់ដឹកនាំរបស់ក្លិប Everton ចាត់ទុកថា គឺជាការប្រថុយមួយ ដោយសារតែគ្រូបង្វឹករូបនេះ ខ្វះបទពិសោធក្នុងក្របខ័ណ្ឌ Premier League និងធ្លាប់ដឹនាំឲ្យក្លិប 1860 Munich ធ្លាក់ចេញពីក្របខ័ណ្ឌលំដាប់ទី២នៃ Bundesliga។
ទោះបីជាយ៉ាងណា លោក Pereira ត្រូវបានចាត់ទុកថា ជាបេក្ខភាពឈានមុខគេក្នុងការសង្គ្រោះក្លិបទូកក្តោងមួយនេះ ស្របពេលដែលភាគីពាក់ព័ន្ធ នឹងសម្រេចចិត្តក្នុងកាត់សេចក្តីក្នុងពេលឆាប់ៗ។ លោក Moshiri រួមជាមួយនឹងសហការីអាជីវកម្មលោក Alisher Usmanov បានរៀបចំកិច្ចពិភាក្សាគ្នានៅសប្តាហ៍នេះ ជាមួយនឹងលោក Alisher Usmanov មុននឹងសម្រេចចិត្តតែងតាំងក្នុងពេលឆាប់ៗ៕
ប្រភពព័ត៌មាន៖ BBC