គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានធ្វើសន្និបាតបូកសរុបវឌ្ឍនភាពការងារ ឆ្នាំ២០២១ លើកទិសដៅបន្ត ឆ្នាំ២០២២-២០២៣ និងសិក្ខាសាលាថ្នាក់ជាតិ ស្តីពី «អភិបាលកិច្ចល្អ» នៃការគ្រប់គ្រងព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារាហ្គេម ឆ្នាំ២០២៣ នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ នាព្រឹកថ្ងៃពុធនេះ នឹងគ្រោងបញ្ចប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ស្អែកនេះ។
ក្រោមការដឹកនាំផ្ទាល់ដោយលោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ទៀ បាញ់ ជាប្រធាន CAMSOC និងលោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ ថោង ខុន ជាអនុប្រធានអចិន្ត្រៃយ៍ គឺអង្គសន្និបាត នឹងលើកយកនៅរាល់បញ្ហាប្រឈមទាំងអស់ មកពិភាក្សា និងដោះស្រាយ។
លោត វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានប្រាប់ថា៖ «សន្និបាតនេះ សំខាន់ទី១ យើងត្រូវវាយតម្លៃពីចំណុចខ្លាំង ចំណុចខ្សោយរបស់ការងារកន្លងមក និងធ្វើការដោះស្រាយនូវបញ្ហាប្រឈមទាំងឡាយ ដែលបានកើតឡើងកាលពីឆ្នាំមុន និងបញ្ហាប្រឈម ក្នុងការឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ អ៊ីចឹងដើម្បីឱ្យសន្និបាតរបស់យើង សម្រេចបាននៅចំណុច ដែលយើងចង់បាននេះ យើងត្រូវមានយន្តការច្បាស់លាស់ ហេតុនេះហើយទើបសន្និបាតនេះ ភ្ជាក់ទៅនឹងចំណុចសំខាន់មួយ គឺអភិបាលកិច្ចល្អ នៃការគ្រប់គ្រង ដឹកនាំព្រឹត្តិការណ៍»។
ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន បានចាត់ទុក «អភិបាលកិច្ចល្អ» ជាចំណុចសំខាន់បំផុត ព្រោះការបំពេញការងារ មានគុណភាព ឬគ្មានគុណភាព គឺអាស្រ័យទៅលើអភិបាលកិច្ចល្អនេះហើយ។
លោក បានបញ្ជាក់ថា៖ «បើសិនជាចំណុចប្រឈមទាំងអស់ ត្រូវបានដោះស្រាយក៏ដោយ ប៉ុន្តែបើយន្តការដឹកនាំ គ្រប់គ្រង និងយន្តការធ្វើការងារ មិនមានភាពជាអ្នកដឹកនាំ ឬមានអភិបាលកិច្ចល្អ នៅក្នុងការងារទេនោះ វានឹងមិនអាចធ្វើឱ្យការងារ មានប្រសិទ្ធភាព ឬមានគុណភាពខ្ពស់នោះទេ ព្រោះអភិបាលកិច្ចល្អនេះ មានន័យថា ការងារទាំងអស់ ត្រូវមានតម្លាភាព សុចរឹតភាព គណនេយ្យភាព និងស័ក្តិសិទ្ធិភាពនៃការងារ អ៊ីចឹងបើយើងប្រើប្រាស់យន្តការនេះ យើងត្រូវមានវិន័យ»។
ជាមួយគ្នានេះ របាយការណ៍ និងបទបង្ហាញសំខាន់ៗជាច្រើន ដូចជារបាយការណ៍បូកសរុបវឌ្ឍនភាពការងារ ឆ្នាំ២០២១ លើកទិសដៅបន្ត ឆ្នាំ២០២២-២០២៣, បទអន្តរាគមន៍ស្តីពីសេចក្តីណែនាំនីតិវិធីហិរញ្ញវត្ថុ, បទបង្ហាញ និងរបាយការណ៍អាស៊ានប៉ារ៉ាហ្គេម, បទបង្ហាញស្តីពីទស្សនាទានព្រឹត្តិការណ៍ និងកម្មសិទ្ធិបញ្ញា, បទបង្ហាញស្តីពី វឌ្ឍនភាពបច្ចេកទេស និងត្រៀមរៀបចំប្រទេសកីឡា, បទបង្ហាញស្តីពីគម្រោងរៀបចំទីលានបច្ចេកទេសប្រកួត «Oberlay» សុទ្ធតែត្រូវបានលើកយកបង្ហាញ នៅក្នុងសន្និបាត និងសិក្ខាសាលាថ្នាក់ជាតិ នៅថ្ងៃពុធនេះ ដើម្បីឱ្យអង្គសន្និបាត ធ្វើការពិភាក្សា ពិគ្រោះយោបល់ រួចទើបធ្វើរបាយការណ៍បូកសរុបលទ្ធផលរួម សម្រាប់សន្និបាត និងសិក្ខាសាលា នៅថ្ងៃនេះ៕