បរទេស៖ ក្រុមហង្សក្រហម Liverpool បានបោះ១ជំហានឆ្ពោះទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ ក្រោយពីបានយកឈ្នះលើក្រុម Inter Milan ក្នុងលទ្ធផល ២-០ ខណៈដែលជ័យជម្នះនេះ បានកើតឡើង ក្រោយពីជួបការប្រកួតដ៏ស្វិតស្វាញ នាកីឡដ្ឋាន San Siro។
គ្រាប់បាល់ស៊ុតបញ្ចូលទីពី Roberto Firmino និង Mohamed Salah នៅរយៈពេល១៥នាទីចុងក្រោយ ដើម្បីជួយឲ្យក្រុម Liverpool បង្កើតការនាំមុខដ៏រឹងមាំ នៅមុនពេលការប្រកួតជើងទី២នៃវគ្គ១៦ក្រុមចុងក្រោយ ក្នុងរយៈពេល៣សប្តាហ៍ទៀត។
លទ្ធផលនេះ គឺជាលទ្ធផលដ៏ខកចិត្តសម្រាប់ក្រុមម្ចាស់ជើងឯកអុីតាលី Inter ដែលបានគ្រប់គ្រងការប្រកួតនេះស្ទើរតែទាំងស្រុងនៅពីមុខអ្នកកាំទ្ររបស់ខ្លួន បន្ទាប់ពីចូលលេងក្នុងតង់ទី២ ហើយក៏មានឱកាសស៊ុតបាល់ប៉ះទៅនឹងរបារទី តាមរយៈកីឡាករ Hakan Calhanoglu ផងដែរ។
ស្របពេលជាមួយគ្នានេះ ខ្សែបម្រើស្លាបអន្តរជាតិបារាំង Kingsley Coman បានសង្គ្រោះក្រុមរបស់ខ្លួនកុំឲ្យបាក់មុខ តាមរយៈការរកគ្រាប់បាល់តាមស្មើនៅជិតបញ្ចប់ការប្រកួត ខណៈដែល Bayern Munich ដណ្តើមបានលទ្ធផលស្មើ ១-១ ទាំងត្រដាបត្រដួស នៅលើទឹកដីក្រុម Red Bull Salzburg ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី១៕
ប្រភពព័ត៌មាន៖ AFP