បរទេស៖ ក្រុម​អ្នក​រក​ស៊ី ដែល​ចាប់​អារម្មណ៍​លើ​ការ​ទិញក្លិប Chelsea ពីក្លិប Roman Abramovich កំពុង​តែ​ញាប់​ដៃ​ញាប់​ជើង ដើម្បី​ធា​នា​ថា សំណើ​ទិញ​យក​មក​កាន់​កាប់​របស់ពួកគេ ត្រូវ​បាន​រៀប​ចំ​រួចរាល់ នៅមុន​ពេលថ្ងៃ​កំណត់​នៅ​សប្តាហ៍​នេះ ដើម្បី​ធ្វើ​ការ​ដេញ​ថ្លៃ​។

ក្រុម​ហ៊ុន Raine Group ដែល​ជា​ធនា​គារ​អាមេរិក និង​ជា​​ទទួល​ខុស​ត្រូវ​លើការ​លក់ក្លិប Chelsea បាន​ផ្តល់​ពេល​កំណត់​ដល់​ក្រុម​អ្នក​ដេញ​ថ្លៃជា​សក្តា​នុពល​រហូត​ដល់​ថ្ងៃ​សុក្រ ដើម្បី​ដាក់​សំណើ​របស់ពួកគេ និង​ចង់​ឲ្យ​ការ​លក់​នេះ មាន​ដំណើរការ​យ៉ាង​រលូន ព្រោះ​ថា ការ​ពន្យា​ពេលបន្ថែម​ទៀត អាច​នឹង​ធ្វើ​ឲ្យ​ក្លិប​តោ​ខៀវ ធ្លាក់​ចូល​ក្នុង​វិបត្តិ​ហិរញ្ញ​វត្ថុ​។ Chelsea ដែល​កំពុង​តែ​ស្ថិតក្នុង​ស្ថានភាព​ជ្រួល​ច្របល់ ក្រោយពី​លោក Abramovich បាន​រងនូវ​​ការ​ដាក់ទណ្ឌ​កម្ម​ជា​ច្រើនពី​រដ្ឋា​ភិបាល​ចក្រភព​អង់គ្លេស មាន​ការ​ព្រួយ​បារម្ភ​ថា ពួក​គេ​អាច​នឹង​ធ្លាក់​ចូល​ក្នុង​​ការពិន័យ​រដ្ឋបាល ប្រសិន​​បើ​គ្មានការផ្លាស់ប្តូរ​ម្ចាស់ក្លិប​ឲ្យ​បាន​ឆាប់​ទេ​នោះ​។

ក្រុមហ៊ុន Raine នៅ​តែ​សង្ឃឹម​ថា កិច្ច​ព្រម​ព្រៀង​គ្នា​មួយ អាច​នឹង​​ឈាន​ដល់​នៅ​ចុង​ខែ​នេះ ហើយ​ក្នុង​ដំណាក់កាល​ដ៏សំខាន់​នេះ ក្រុម​អ្នកដេញ​ថ្លៃ ត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យពិនិត្យមើល​គណនី​ចុងក្រោយ​បំផុត​របស់​ក្លិប និង​បញ្ជី​ប្រាក់​ខែ​បុគ្គលិក​។ ស្រប​ពេល​ជាមួយ​គ្នានេះ Chelsea បាន​ចេញ​សេចក្តីថ្លែង​ការណ៍​មួយ​កាលពី​ថ្ងៃចន្ទ តាមរយៈ​ការ​បញ្ជាក់​ថា ពួក​​គេ​កំពុង​តែ​ជំរុញ​ឲ្យ​រដ្ឋមន្ត្រី ផ្តល់​សិទ្ធិ​ឲ្យពួកគេលក់សំបុត្រ និង​រៀប​ចំ​កិច្ច​ប្រជុំ​ប្រចាំ​ថ្ងៃ ដើម្បី​ធ្វើ​វិសោធ​ន​កម្មអាជ្ញា​បណ្ណពិសេស​ដែល​ចេញ​ឲ្យ​ពួក​គេ​៕

 

ប្រភព​ព័ត៌​មាន៖ The Guardian