បរទេស៖ ក្រុមហ៊ុន Raine Group ដែល​ជា​ធនា​គារ​អាមេរិក និង​ជា​អ្នក​គ្រប់គ្រង​លើ​ការ​លក់​ក្លិប Chelsea របស់​ក្រប​ខ័ណ្ឌ Premier League គ្រោង​ធ្វើការ​កាត់​បន្ថយ​បញ្ជី​ឈ្មោះ​បេក្ខ​ភាព​ដែល​ដេញ​ថ្លៃ​ចង់​ទិញ​ក្លិបនេះ មកនៅ​ត្រឹម​៣ នៅ​ថ្ងៃ​អង្គារ​នេះ ស្រប​ពេល​ដែល​ក្រុមហ៊ុន​មួយ​ដែល​ដឹកនាំ​ដោយ​លោក Nick Candy កំពុង​​បង្កើន​សាច់​ប្រាក់​ក្នុង​សំណើ​របស់ខ្លួន​។ នេះ​បើយោង​ទៅ​តាម​ប្រភព​នានា​ដែល​បាន​ប្រាប់​សារ​ព័ត៌​មាន Reuters​។

ដំបូង​ឡើយ Chelsea ត្រូវ​បាន​ដាក់​លក់​ដោយ​ម្ចាស់ក្លិប​លោក Roman Abramovich ក្រោយពី​ការ​ឈ្លាន​ពាន​របស់​ប្រទេស​រុស្ស៊ី ក្នុង​ប្រទេស​អ៊ុយក្រែន ហើយ​នៅមុនពេល​ទណ្ឌ​កម្ម​នានា ត្រូវ​បានដាក់​​លើ​មហាសេដ្ឋីជា​អ្នកជំនួញ​រូបនេះ ដោយ​រដ្ឋា​ភិបាល​ចក្រ​ភព​អង់គ្លេស ក្រុមហ៊ុន Raine Group ក៏​ទទួល​បាន​សិទ្ធិគ្រប់គ្រង​ក្លិប​​តែម្តង​។ ក្រុមហ៊ុន Raine បាន​កំណត់​កាល​បរិច្ឆេ​ទ​ចុងក្រោយ​ត្រឹម​ថ្ងៃ​សុក្រ សប្តាហ៍​មុន ដើម្បី​ទទួល​សំណើ​នានា ដែលត្រូវ​ដាក់ ដោយ​សំណើ​ខ្លះ ត្រូវ​បាន​ដាក់​ជា​សា​ធារណៈ ហើយ​​ប្រភព​ដែល​នៅ​ជិត​ដិត​ការ​ដាក់​លក់ក្លិបនេះ បាន​និយាយថា មាន​សំណើ​ជាច្រើន​ទៀត​ត្រូវ​បាន​ដាក់​ជា​ឯក​ជន​។

ដើម្បី​ធ្វើ​ឲ្យ​នីតិវិធី​នានា មានដំណើរ​ការ​ទៅមុខ ក្រុមហ៊ុន Raine ដែល​មាន​តួនាទី​ជា​អ្នក​ប្រឹក្សា​របស់ក្លិប នឹង​កាត់បន្ថយ​បញ្ជី​ឈ្មោះ​អ្នក​ដេញ​​ថ្លៃ ដោយ​សារ​តែនី​តិវិធីនានា ត្រូវ​បានធ្វើ​ឲ្យយឺត ដោយ​សារ​តែ​សំណើ​ជាច្រើន​ទៀត​​​ត្រូវ​បាន​ដាក់​ជា​បន្ត​បន្ទាប់​។ ជាមួយ​គ្នានេះ សេដ្ឋី​អចល​ន​ទ្រព្យ​លោក Candy បាន​ដាក់​សំណើ​មួយ​ក្នុង​ទឹកប្រាក់​២​ពាន់លានផោន (ស្មើនឹង​២,៦៣លានដុល្លារ​អាមេរិក) ទៅកាន់​ក្រុមហ៊ុន Raine កាលពីថ្ងៃសុក្រ ប៉ុន្តែ​ចាប់តាំង​ពី​ពេលនោះ បាន​បង្កើន​ទំហំ​ទឹកប្រាក់​របស់​ខ្លួន ប៉ុន្តែ មិន​បាន​បង្ហាញ​តួលេខ​ជាក់​លាក់ឡើយ​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia