បរទេស៖ គ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អពី Pedri បានក្លាយជាគ្រាប់បាល់កាត់សេចក្តីសម្រាប់ក្រុម Barcelona កាលពីថ្ងៃអាទិត្យ ខណៈដែលការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ១-០ លើក្រុម Sevilla បានជួយឲ្យក្រុមរបស់លោក Xavi Hernandez ឡើងឈរលេខ២ លើតារាងនៃក្របខ័ណ្ឌ La Liga ជាលើកទី១ នៅរដូវកាលនេះ។
Barca បានខ្ជះខ្ជាយឱកាសជាច្រើន ក្នុងពេលប្រកួតជាមួយនឹងក្រុម Sevilla នាកីឡដ្ឋាន Camp Nou នៅមុនពេលកីឡាករវ័យ១៩ឆ្នាំ Pedri បានកាត់សេចក្តីក្នុងការប្រកួតនេះ ជាមួយនឹងគ្រាប់បាល់ដ៏អស្ចារ្យ ក្រោយពីបានអូសបាល់ទៅជ្រុងម្ខាង មុននឹងស៊ុតបាល់បញ្ចូលទីយ៉ាងល្អ។
ជ័យជម្នះនេះ ជួយឲ្យ Barcelona រក្សាការវិលទៅរកភាពខ្លាំងវិញ ខណៈដែលពួកគេបានវិលត្រឡប់ពីការយកឈ្នះលើក្រុម Real Madrid យ៉ាងកក់ក្តៅក្នុងលទ្ធផល ៤-០ នៅមុនពេលសម្រាកសម្រាប់ការប្រកួតអន្តរជាតិ តាមរយៈការយកឈ្នះលើក្រុមមួយ ដែលបានក្លាយជាគូប្រជែងរបស់ក្រុម Real Madrid យ៉ាងប្រកៀកប្រកិតនៅរដូវកាលនេះ។ Real Madrid បានយកឈ្នះលើក្រុម Celta Vigo កាលពីថ្ងៃសៅរ៍ ដើម្បីស្តារមុខមាត់របស់ពួកគេពីការខកចិត្តក្នុងការប្រកួត Clasico និងរក្សាការនាំមុខលើកំពូលតារាងចំនួន១២ពិន្ទុ៕
ប្រភពព័ត៌មាន៖ Channel News Asia