បរទេស៖ ខ្សែប្រយុទ្ធ Thomas Mueller បាននិយាយថា ក្រុម Bayern Munich «បានដកបន្លារខ្លះ» ចេញពីទ្រូងរបស់ខ្លួន តាមរយៈការឈ្នះពានក្របខ័ណ្ឌ Bundesliga ជាលើកទី១០ជាប់ៗគ្នា កាលពីថ្ងៃសៅរ៍។ ក្រុម Bayern បានចំណាយរយៈពេល២សប្តាហ៍ចុងក្រោយរបស់ពួកគេដើម្បីព្យាបាលរបួស ក្រោយពីបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយ ក្រោមស្នាដៃក្រុម Villarreal។
ប៉ុន្តែ ពួកគេបានឈ្នះពានក្របខ័ណ្ឌលីគ ខណៈដែលនៅសល់៣ប្រកួតទៀត តាមរយៈការផ្តួលក្រុមមានចំណាត់ថ្នាក់លេខ២ Borussia Dortmund ក្នុងលទ្ធផល ៣-១ នាកីឡដ្ឋាន Allianz Arena។ Mueller ដែលបានក្លាយជាកីឡាករដំបូងគេក្នុងការឈ្នះពានក្របខ័ណ្ឌ Bundesliga ចំនួន១១លើកនោះ បានឲ្យដឹងថា៖ «វាគឺជាឱកាសមួយក្នុងការធ្វើឲ្យអ្វីៗមានភាពច្បាស់លាស់។ មានការខកចិត្តជាច្រើននាពេលថ្មីៗនេះ។
យើងអាចដកបន្លារខ្លះចេញពីទ្រូងរបស់យើងហើយ។ ពេលនេះ វាពិតជាអស្ចារ្យណាស់»។ អ្នកចាំទី Manuel Neuer ដែលជាប្រធានក្រុមនៃក្រុម Bayern ចាត់ទុកការឈ្នះពាននេះ គឺជាឱកាសនៃការប៉ះប៉ូវដល់អ្នកគាំទ្រ សម្រាប់ការធ្លាក់ចេញរបស់ពួកគេពីក្របខ័ណ្ឌ Champions League៕
ប្រភពព័ត៌មាន៖ Channel News Asia