បរទេស៖ លោក Thomas Tuchel ជឿជាក់ថា ក្រុម Chelsea នឹងត្រូវតែត្រឹមតែ «ការវះកាត់កែសម្ផស្ស» ប៉ុណ្ណោះ ដើម្បីទទួលបានជោគជ័យនៅពេលបន្ទាប់ ក្រោយពីលោក Ralf Rangnick បាននិយាយថា ក្រុម Manchester United ដែលគូប្រកួតនៅរាត្រីនេះ នឹងត្រូវតែ «ទទួលការវះកាត់បើកបេះដូង»។
ក្រុមរបសលោក Tuchel នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Old Trafford ដោយសម្លឹងរកការពង្រឹងទីតាំងរបស់ពួកគេក្នុងចំណាត់ថ្នាក់លេខ៣ នៅលើតារាងក្របខ័ណ្ឌ Premier League ស្របពេលដែលក្រុមឈរលេខ៦ Man United ទំនងដូចជាត្រូវខកខានក្នុងការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤ហើយ។ លោក Rangnick គ្រូបង្វឹកបណ្តោះអាសន្នរបស់ Man United មានការបារម្ភថា លោក Erik ten Hag គ្រូបង្វឹករបស់ក្រុម Ajax ដែលនឹងចូលកាន់តំណែងនៅកីឡដ្ឋាន Old Trafford ចាប់ពីចុងរដូវកាលនេះតទៅ នឹងត្រូវតែការរុះរើក្រុមរបស់លោកទាំងស្រុង ដើម្បីធ្វើឲ្យក្លិបនេះកាន់តែខ្លាំង ក្នុងពេលក្នុងកម្រិតខ្ពស់បំផុត។
ផ្ទុយទៅវិញ លោក Tuchel ជឿជាក់ថា តម្រូវការរបស់ក្រុម Chelsea គឺគ្រាន់តែត្រូវខាត់ស្បែកកែសម្រស់ប៉ុណ្ណោះ បើទោះបីជួបរដូវកាលមិនទៀងទាត់ ដោយសារតែម្ចាស់កម្មសិទ្ធិសញ្ជាតិរុស្ស៊ីលោក Roman Abramovich បានដាក់លក់ក្លិបនេះ ក្រោយពីការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលអង់គ្លេស ទៅលើរូបលោក បន្ទាប់ពីការឈ្លានពានលើប្រទេសអ៊ុយក្រែន។ នៅពេលដែលត្រូវបានចោទសួរថា Chelsea ត្រូវការធ្វើអ្វីខ្លះនៅរដូវក្តៅនេះ ក្រោយពីការលើកឡើងពីការវះកាត់បេះដូងរបស់លោក Rangnick។ លោក Tuchel បានឆ្លើយថា៖ «យើងត្រូវការការវះកាត់កែសម្ផស្ស។ ខ្ញុំមានការបារម្ភតិចជាង ប្រសិនបើយើងនៅតែមានម្ចាស់ក្លិបដូចគ្នា ប្រសិនបើយើងផ្អែកលើរចនាសម្ព័ន្ធរបស់យើង»៕
ប្រភពព័ត៌មាន៖ Channel News Asia