បរទេស៖ ក្លិបតោខៀវ Chelsea កាលពីថ្ងៃសៅរ៍ បានប្រកាសថា ក្រុមអ្នកវិនិយោគដែលត្រូវបានដឹកនាំដោយលោក Todd Boehly ដែលជាសហម្ចាស់ក្រុមហ៊ុន LA Dodgers បានទទួលជ័យជម្នះក្នុងការប្រជែងទិញក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ ក្នុងតម្លៃជាកំណត់ត្រាដែលមានចំនួន៤,២៥ពាន់លានផោន (ស្មើនឹង៥,២ពាន់លានដុល្លារអាមេរិក)។
ម្ចាស់កម្មសិទ្ធិលោក Roman Abramovich បានដាក់លក់ក្លិប Chelsea នៅលើទីផ្សារកាលពីដើមខែមីនា ពោលគឺត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលរូបលោកត្រូវបានដាក់ទណ្ឌដោយរដ្ឋាភិបាលចក្រភពអង់គ្លេស បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន។ ក្រោយពីការដំណើតការនៃការដេញថ្លៃដែលអូសបន្លាយពេលយ៉ាងយូរ ដោយមានការចូលរួមពីក្រុមហ៊ុនជាច្រើន លោក Boehly និងក្រុមអ្នកវិនិយោគរបស់លោក ត្រូវបានជ្រើសរើសដោយ Raine Group ធនាគារមានមូលដ្ឋានៅទីក្រុងញូវយ៉ក ដែលត្រួតពិនិត្យលើការលក់នេះ។ ក្រុមអ្នកវិនិយោគរបស់លោក Boehly រួមមានដៃគូសហការនៅក្លិបបេស្បល Dodgers លោក Mark Walter មហាសេដ្ឋសញ្ជាតិស្វ៊ីសលោក Hansjoerg Wyss ក្រុមហ៊ុនវិនិយោគរបស់អាមេរិក Clearlake Capital។
ក្លិបបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្លិបកីឡាបាល់ទាត់ Chelsea អាចប្រកាសបានថា លក្ខខណ្ឌនានាត្រូវបានឈានដល់ការព្រមព្រៀងគ្នា សម្រាប់ក្រុមហ៊ុនដែលជាម្ចាស់កម្មសិទ្ធិថ្មី ដែលដឹកនាំដោយលោក Todd Boehly ក្រុមហ៊ុន Clearlake Capital លោក Mark Walter និងលោក Hansjoerg Wyss ដើម្បីទិញក្លិបនេះ»៕
ប្រភពព័ត៌មាន៖ Channel News Asia