បរទេស៖ លោក Todd Boehly ដែលជាម្ចាស់ថ្មីរបស់ក្លិប Chelsea បានសន្យាថា នឹងអភិវឌ្ឍក្រុមដោយផ្អែកទៅលើ «ប្រវត្តិសាស្ត្រនៃភាពជោគជ័យដ៏គួរឲ្យកត់សម្គាល់របស់ខ្លួន» ក្រោយពីមហាសេដ្ឋីសហរដ្ឋអាមេរិករូបនេះ បានបំពេញការកាន់កាប់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃចន្ទ។
ក្រុមអ្នកវិនិយោគរបស់លោក Boehly បានយល់លើកិច្ចព្រមព្រៀងមួយដើម្បីទិញក្លិប Chelsea ពីលោក Roman Abramovich ក្នុងតម្លៃ៤,២៥ពាន់លានផោន (ស្មើនឹង៥,៣ពាន់លានដុល្លារអាមេរិក) កាលពីថ្ងៃទី៧ ខែឧសភា ហើយបច្ចុប្បន្ន ការទិញនេះ ត្រូវបានបោះត្រាអនុម័តជាផ្លូវការ។ លោក Boehly បានប្រាប់គេហទំព័ររបស់ Chelsea ថា៖ «យើងពិតជាមានកិត្តិយសណាស់ ក្នុងការក្លាយជាអ្នកថែទាំក្លិបបាល់ទាត់ Chelsea។ យើងនឹងមានវត្តមាន១០០% រាល់ការប្រកួតទាំងអស់»។ ការកាន់កាប់របស់លោក Boehly បញ្ចប់រជ្ជកាលកាន់កាប់រយៈពេល១៩ឆ្នាំរបស់លោក Abramovich ក្នុងនាមជាម្ចាស់ក្លិប Chelsea ក្រោយពីមហាសេដ្ឋីសញ្ជាតិរុស្ស៊ីរូបនេះ បានដាក់លក់ក្លិបកាលពីខែមីនា។
លោក Abramovich បានរងនូវការដាក់ទណ្ឌកម្មពីរដ្ឋាភិបាលចក្រភពអង់គ្លេស ដោយសារតែលោកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្រោយពីការឈ្លានពានអ៊ុយក្រែន។ លោក Boehly សហម្ចាស់ក្លិបកីឡាបេស្បល Los Angeles Dodgers បានកំណត់គោលដៅលើការបង្កើតភាពជោគជ័យឡើងវិញសម្រាប់ Chelsea ដូចក្នុងរជ្ជកាលរបស់លោក Abramovich ក្រោយពីពួកគេបានឈ្នះពាន Premier League ៥លើក និងពាន Champions League ២លើក ក្នុងចំណោមពានធំៗចំនួន១៩។ លោក Boehly បាននិយាយថា៖ «ទស្សនវិស័យរបស់យើង ក្នុងនាមជាម្ចាស់ក្លិប ពិតជាច្បាស់លាស់ ពោលគឺថា យើងចង់ធ្វើឲ្យអ្នកគាំទ្រមានមោទនភាពម្តងទៀត»៕
ប្រភពព័ត៌មាន៖ Channel News Asia