បរទេស៖ ក្លិបហង្សក្រហម Liverpool បានប្រកាសពីការចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធ Darwin Nunez ពីក្លិប Benfica សម្រាប់តម្លៃខ្លួនមួយដែលអាចនឹងកើនដល់៨៥លានផោន (ស្មើនឹង១០២លានដុល្លារអាមេរិក) កាលពីថ្ងៃអង្គារ។
តារាឆ្នើមអន្តរជាតិអ៊ុយរូហ្គាយ ដែលនឹងឈានចូលវ័យ២៣ឆ្នាំនៅសប្តាហ៍ក្រោយ គឺជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេក្នុងក្របខ័ណ្ឌកំពូលរបស់ព័រទុយហ្គាល់ កាលពីរដូវកាលមុន ដោយរកបាន២៦គ្រាប់ និងរកបានគ្រាប់បាល់សរុប៣៤ពីរាល់យុទ្ធនាការទាំងអស់ ក្នុងនោះរាប់បញ្ចូលទាំងការរកបាន១គ្រាប់ ក្នុងជើងទីនីមួយនៃការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League របស់ក្រុម Benfica ជាមួយនឹង Liverpool ផងដែរ។ វត្តមានរបស់គេក្នុងកិច្ចសន្យារយៈពេល៦ឆ្នាំ គួរតែអាចជាការបើកផ្លូវឲ្យ Sadio Mane ទៅចូលរួម ជាមួយនឹងក្លិប Bayern Munich។
ការពិភាក្សានានា កំពុងតែបន្តជុំវិញការផ្ទេរតារាឆ្នើមអន្តរជាតិសេណេហ្គាល់រូបនេះ ដែលបានបញ្ជាក់ថា រូបគេចង់បានការប្រជែងថ្មីមួយ។ តម្លៃខ្លួនជាគោលរបស់ Nunez គឺមានចំនួន៦៤លានផោន ដែលអាចនឹងកើនដល់៨៥លានផោន ប្រសិនបើរូបគេទទួលបានសមិទ្ធិផលប្រកបដោយភាពជោគជ័យរបស់គេ ក្នុងអាជីពនៅ Liverpool ក្នុងនោះរាប់បញ្ចូលទាំងការឈ្នះពាន Champions League ផងដែរ។ ការចុះហត្ថលេខានេះ នៅរង់ចាំតែការជម្រះឯកសារអន្តរជាតិ និងការអនុម័តលើលិខិតសុំការងារប៉ុណ្ណោះ៕
ប្រភពព័ត៌មាន៖ The Guardian