ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា ដែលទើបបានបញ្ចប់ការប្រកួតវគ្គជម្រុះជុំចុងក្រោយនៃពានរង្វាន់ AFC Asian Cup នៅប្រទេសឥណ្ឌានោះ បានវិលមកដល់មាតុប្រទេសវិញនៅថ្ងៃពុធនេះ ប៉ុន្តែកីឡាករ និងមន្រ្តីចំនួន៥នាក់ នៅមិនទាន់អាច វិលត្រឡប់មកវិញនោះទេ ដោយសារពួកគេ បានឆ្លងជំងឺកូវីដ១៩ នៅក្នុងកំឡុងការប្រកួតជម្រុះពានរង្វាន់នេះ។
យ៉ាងណាក៏ដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មិនបានទម្លាយឈ្មោះមន្រ្តីកីឡាទាំង៤នាក់ ដែលបានឆ្លងជំងឺកូវីដ១៩ នៅប្រទេសឥណ្ឌា នោះទេ ប៉ុន្តែបានបង្ហាញឈ្មោះកីឡាករជម្រើសជាតិ១នាក់ ដែលបានឆ្លងជំងឺនេះ គឺអ្នកចាំទី ហ៊ុល គីមហុយ របស់ក្លិបបាល់ទាត់បឹងកេត។
ជុំវិញបញ្ហានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហោះសារ នៅលើផេចហ្វេសប៊ុករបស់ខ្លួន នៅរសៀលថ្ងៃពុធនេះ បន្ទាប់ពីក្រុមជម្រើសជាតិ បានមកដល់កម្ពុជា វិញថា៖ «មន្រ្តីក្រុមជម្រើសជាតិកម្ពុជា ៤រូប រួមជាមួយកីឡាករជម្រើសជាតិកម្ពុជា ១រូប ហ៊ុល គីមហុយ បានឆ្លងវីរុសកូវីដ ១៩ អំឡុងពេលបំពេញភារកិច្ចចូលរួមប្រកួតពានរង្វាន់វគ្គជម្រុះ AFC Asian Cup នៅប្រទេសឥណ្ឌា»។
ចំពោះអ្នកឆ្លងជំងឺកូវីដ១៩ ទាំង៥នាក់នោះ ត្រូវបានសហព័ន្ធកីឡាករបាល់ទាត់កម្ពុជា បញ្ជាក់ថា៖ «ពួកគេ នឹងបន្តស្នាក់នៅ និងព្យាបាល នៅប្រទេសឥណ្ឌា រហូតជាសះស្បើយ។ ជូនពរដល់មន្ត្រី និងកីឡាករឆាប់ជាសះស្បើយ ហើយត្រឡប់មកមាតុភូមិកម្ពុជាយើងវិញឆាប់ៗ»។
គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា បានបញ្ចប់ការប្រកួតជម្រុះប្រចាំពូលD នៃពានរង្វាន់ AFC Asian Cup នេះ ដោយចាញ់២ដង និងស្មើ១ ក្នុងនោះកម្ពុជា បានចាញ់ក្រុមម្ចាស់ផ្ទះឥណ្ឌា ២-០ រួចបន្តចាញ់ក្រុមហុងកុង ៣-០ និងស្នើក្រុមអាហ្គានីស្ថាន ២-២ កាលពីយប់ថ្ងៃអង្គារ។
ចំណែកក្រុមឥណ្ឌា បានលត់ក្រុមហុងកុង ៤-០ ដើម្បីជាប់លេខ១ ក្នុងពូលនេះ និងបានបន្តឡើងទៅប្រកួតពានរង្វាន់ AFC Asian Cup 2023 ជាបន្តទៀត ចំណែកក្រុមហុងកុង ក៏បានឡើងផងដែរ ព្រោះបានជាប់ជាក្រុមលេខ២ល្អ ដោយស្ថិតនៅលេខ៥ ចុងក្រោយ ប៉ុន្តែកម្ពុជា និងអាហ្គានីស្ថាន បានធ្លាក់ ជាមួយការរកបានត្រឹម១ពិន្ទុ ត្រឡប់មកផ្ទះវិញដូចគ្នា៕