បរទេស៖ ក្លិប Manchester City រំពឹងទុកថា Raheem Sterling នឹងត្រូវចាកចេញពីនៅរដូវក្តៅនេះ ខណៈដែលក្លិប Chelsea កំពុងតែត្រៀមខ្លួនរួចរាល់ដើម្បីបង្ហាញពីការចាប់អារម្មណ៍របស់ពួកគេទៅលើខ្សែបម្រើស្លាបអន្តរជាតិអង់គ្លេសរូបនេះ នៅពេលដែលការខ្ចីជើងរបស់ Romelu Lukaku ទៅកាន់ក្លិប Inter Milan ត្រូវបានបំពេញជាផ្លូវការ។
លោក Thomas Tuchel ចង់ពង្រឹងតំបន់ប្រយុទ្ធរបស់លោក ហើយក្លិប Chelsea ដែលកំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការក្នុងការអនុញ្ញាតឲ្យ Lukaku បំពេញការវិលត្រឡប់របស់គេទៅកាន់ក្លិប Inter គ្រោងចាប់ផ្តើមទិញចូលកីឡាករថ្មីរបស់ពួកគេឆាប់ៗនេះ។ Sterling កំពុងតែស្ថិតក្នុងបញ្ជីគោលដៅដែលត្រូវទិញចូល ហើយ Man City ទំនងដូចជាមិនឃាត់កីឡាករវ័យ២៧ឆ្នាំរូបនេះឡើយ។
Man City បានបង្កើនជម្រើសក្នុងតំបន់ប្រយុទ្ធរបស់ខ្លួនតាមរយៈការនាំយក Erling Haaland ពីក្លិប Borussia Dortmund និង Julian Alvarez ពីក្លិប River Plate ហើយកិច្ចសន្យារបស់ Sterling នឹងត្រូវផុតកំណត់នៅរដូវក្តៅក្រោយ។ ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មួយនេះ ត្រៀមទាញយកសាច់ប្រាក់ខ្លះពីការលក់រូបគេចេញ ហើយវាត្រូវបានគេយល់ឃើញថា ពួកគេចង់បានតម្លៃខ្លួនចន្លោះពី៥០ ទៅ៦០លានផោន (ចន្លោះពី៦១លាន ទៅ៧៣លានដុល្លារអាមេរិក)៕
ប្រភពព័ត៌មាន៖ The Guardian