បរទេស៖ ការវិលត្រឡប់របស់ Romelu Lukaku ទៅកាន់ក្លិប Inter Milan វិញនៅរដូវក្តៅនេះ បានបើកចំហរទ្វាដល់ខ្សែប្រយុទ្ធផ្សេងទៀតក្នុងការផ្ទេរទៅកាន់កីឡដ្ឋាន Stamford Bridge ជំនួសវិញនៅរដូវក្តៅនេះ ហើយ Neymar បច្ចុប្បន្នត្រូវបានចាត់ទុកថា ជាជម្រើសទី១។ អនាគតរបស់ Neymar ហាក់ស្ថិតក្នុងភាពមិនច្បាស់ឡើយនៅពេលនេះ ខណៈដែលខ្សែប្រយុទ្ធរូបនេះ អាចនឹងត្រូវចាកចេញ។
លោក Nasser Al-Khelaifi ប្រធានក្លិប PSG មិនបានប្រកាសពីអនាគតរបស់ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះឡើយ ក្រោមគម្រោងថ្មីរបស់លោក ដែលក្នុងនោះតម្រូវឲ្យកីឡាករមួយចំនួនចាកចេញ និងកីឡាករថ្មីមួយចំនួនចូលរួមជំនួសវិញ។ លោក Al-Khelaifi ត្រូវបានគេដកស្រង់សម្តីក្នុងពេលសម្ភាសន៍ជាមួយនឹងកាសែត Marca ថា៖ «Neymar គឺជាផ្នែកមួយនៃគម្រោងថ្មី ឬអត់? យើងមិនអាចនិយាយដោយសារធារណៈអំពីករណីនេះឡើយ ស្របពេលដែលកីឡាករមួយចំនួននឹងចូលរួមជាមួយនឹងក្លិបនេះ ហើយកីឡាករមួយចំនួននឹងចាកចេញ។ ទាំងនេះ គឺជាការចរចាជាលក្ខណៈឯកជន»។
ប៉ុន្តែ កាសែតប្រចាំថ្ងៃរបស់បារាំង L’Equipe បានចេញផ្សាយព័ត៌មានថា តារាឆ្នើមអន្តរជាតិប្រេស៊ីលរូបនេះ នឹងបន្តនៅជាមួយនឹងក្លិប PSG រយៈពេល១ឆ្នាំទៀត នៅពេលដែលលក្ខខណ្ឌក្នុងកិច្ចសន្យារបស់គេ ដំណើរការនៅថ្ងៃទី១ ខែកក្កដា៕
ប្រភពព័ត៌មាន៖ Worldsoccertalk