បរទេស៖ ខ្សែបម្រើស្លាបអន្តរជាតិអង់គ្លេស Raheem Sterling កាលពីថ្ងៃពុធ បានក្លាយជាកីឡាករចំណូលថ្មីដំបូងគេរបស់ Chelsea បើគិតចាប់តាំងពីក្រុមហ៊ុនវិនិយោគរបស់លោក Todd Boehly បានទិញក្លិបតោខៀវមួយនេះ ក្រោយពីបានបញ្ចប់ពេលវេលាប្រកបដោយភាពជោគជ័យនៅក្លិប Manchester City។ តារាឆ្នើមវ័យ២៧ឆ្នាំរូបនេះ បានចុះកិច្ចសន្យារយៈពេល៥ឆ្នាំ សម្រាប់តម្លៃខ្លួន៥០លានផោន (ស្មើនឹង៥៩លានដុល្លារអាមេរិក)។
ក្លិប Chelsea បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយលើគេហទំព័ររបស់ពួកគេថា៖ «ខ្សែបម្រើស្លាបអន្តរជាតិអង់គ្លេស Raheem Sterling បានចូលរួមជាមួយនឹងក្លិប Chelsea ពីក្លិប Manchester City ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ»។ Sterling បានបញ្ចេញប្រតិកម្មមុនពេលការផ្ទេរជាផ្លូវការរបស់គេកាលពីព្រឹកថ្ងៃពុធ តាមរយ់ការបង្ហោះសារលាគ្នាមួយនៅលើបណ្តាញសង្គម តាមរយៈការនិយាយថា រូបគេបានចាកចេញពីក្លិប Man City ក្នុងនាមជាបុរសម្នាក់ ក្រោយពីផ្ទេរមកពីក្លិប Liverpool ក្នុងនាមជាកីឡាករដែលមានវ័យត្រឹមតែ២០ឆ្នាំ។
កីឡាកររូបនេះ បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំពិតជាបានសម្រេចនូវសមិទ្ធិផលជាច្រើនក្នុងអាជីពរបស់ខ្ញុំមកទល់ពេលនេះ ប៉ុន្តែ នៅសល់សមិទ្ធិផលជាច្រើនទៀតដែលសម្រេចឲ្យបាន ហើយខ្ញុំពិតជាសម្លឹងឆ្ពោះទៅកាន់ការធ្វើឲ្យបានក្នុងនាមជាកីឡាកររបស់ Chelsea»។ ក្នុងនាមជាកីឡាករដ៏សំខាន់ម្នាក់របស់លោក Pep Guardiola នៅ Man City កីឡាករ Sterling បានស៊ុតបាល់បញ្ចូលទី១៣១គ្រាប់ ក្នុងការបង្ហាញខ្លួន៣៣៧លើកសម្រាប់ក្រុមម្ចាស់ជើងឯកអង់គ្លេសមួយនេះ៕
ប្រភពព័ត៌មាន៖ Channel News Asia