បរទេស៖ លោក Thomas Tuchel បានចោទសួរការប្តេជ្ញាចិត្តរបស់ក្រុម Chelsea និងបាននិយាយថា ពួកគេត្រូវការការទិញចូលកីឡាករថ្មីៗឲ្យបានឆាប់រហ័សតាមដែលអាច ក្រោយពីបានរងបរាជ័យក្នុងលទ្ធផល ៤-០ ក្រោមស្នាដៃក្រុម Arsenal ក្នុងរដ្ឋ Florida កាលពីថ្ងៃសៅរ៍ (ព្រឹកថ្ងៃអាទិត្យនៅកម្ពុជា)។
Gabriel Jesus, Martin Odegaard, Bukayo Saka និង Albert Sambi Lokonga សុទ្ធសឹងបានស៊ុតបាល់បញ្ចូលទី ដើម្បីជួយឲ្យក្រុមកាំភ្លើងដណ្តើមបានជ័យជម្នះដោយងាយ។ នៅពេលដែលត្រូវបានចោទសួរថា តើក្រុមរបស់លោក ត្រូវការពង្រឹងបន្ថែមទៀត ឬយ៉ាងណា នៅមុនពេលពួកគេត្រូវជួបក្រុម Everton នាកីឡដ្ឋាន Goodison Park នៅថ្ងៃសៅរ៍ សប្តាហ៍ក្រោយ លោក Tuchel បានទទួលសា្គល់ថា ពេលវេលានេះនៅតែជាពេលវេលាដ៏ខ្លី។ លោកបានឲ្យដឹងថា៖ «ខ្ញុំមិនមានអារម្មណ៍ស្ងប់ឡើយ។ យើងមិនទាន់ខ្លាំងឡើយ។
យើងមិនស្ថិតក្នុងការប្រកួតប្រជែងឡើយ»។ ខ្សែការពារអន្តរជាតិសេណេហ្គាល់ Kalidou Koulibaly ដែលផ្ទេរមកពីក្លិប Napoli ក្នុងតម្លៃខ្លួន៣៣,៨លានផោន បានបង្ហាញខ្លួនជាលើកដំបូងរបស់គេសម្រាប់ Chelsea ក្នុងនាមជាកីឡាករបម្រុងនៅតង់ទី២ ស្របពេលដែល Chelsea ក៏ដាក់ឲ្យខ្សែប្រយទ្ធ Raheem Sterling ដែលទើបតែបានផ្ទេរមកពីក្លិប Manchester City នៅរដូវក្តៅនេះ ឲ្យចូលលេងផងដែរ៕
ប្រភពព័ត៌មាន៖ BBC