ក្លិប Arsenal បានប្រកាសពីការចុះកិច្ចព្រមព្រៀងឧបត្ថម្ភដ៏ធំបំផុតរបស់ក្លិបនេះមិនធ្លាប់មានពីមុនមក កាលពីថ្ងៃចន្ទ តាមរយៈការបន្តភាពជាដៃគូជាមួយនឹងក្រុមហ៊ុនអាកាសចរមូលដ្ឋាននៅទីក្រុងឌូបៃ Emirates រយៈពេល៥ឆ្នាំទៀត ដែលនឹងផ្តល់ចំណូលជាទឹកប្រាក់ច្រើនជាង២០០លានផោន (ស្មើនឹង២៨០លានដុល្លារអាមេរិក)។
ក្លិបកាំភ្លើងធំមួយនេះ បានប្រកាសថា ការប្រើប្រាស់ឈ្មោះ Emirates ដែលបានចាប់ផ្តើមការឧបត្ថម្ភរបស់ខ្លួនទៅលើក្លិប Arsenal តាំងពីឆ្នាំ២០០៦នោះ នឹងបន្តបង្ហាញខ្លួននៅលើអាវ និងឯកសណ្ឋានហ្វឹកហាត់ទាំងអស់របស់ក្រុម Arsenal រហូតដល់រដូវកាលឆ្នាំ២០២៣-២០២៤។
លោក Ivan Gazidis ប្រធានក្លិប Arsenal បានបញ្ជាក់ថា៖ «ភាពដៃគូជាលើអាវរបស់យើងគឺជារយៈពេលដ៏យូរអង្វែងបំផុតក្នុងក្របខ័ណ្ឌ Premier League និងជាទំនាក់ទំនងមួយក្នុងចំណោមទំនាក់ទំនងដ៏យូរអង្វែងបំផុត ក្នុងកីឡាពិភពលោក។ ការប្តេជ្ញាចិត្តរួមគ្នានេះ គឺជាសាក្សីទៅលើភាពខ្លាំង និងស៊ីជម្រៅនៃទំនាក់ទំនងដ៏អស្ចារ្យរបស់យើង»។
Emirates ក៏មានសិទ្ធិក្នុងការប្រើប្រាស់ឈ្មោះរបស់ខ្លួននៅលើកីឡដ្ឋានផងដែរ រហូតដល់ឆ្នាំ២០២១។ ការប្រកាសពីការចុះកិច្ចព្រមព្រៀងគ្នានេះ បានកើតឡើង បើទោះបីក្រុម Arsenal បានអវត្តក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៅរដូវកាលនេះ ក៏ដោយ ក្រោយពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦ នៅលើតារាងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន។ បច្ចុប្បន្នកំពុងតែកាំភ្លើងធំ Arsenal កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៦ ដោយដេញតាមពីក្រោយក្រុមកំពូលតារាងទាំងបួន ចំនួន៨ពិន្ទុ៕
ប្រភព៖ Worldsoccertalk