ពិតណាស់វាជារឿងដ៏គួរឲ្យចម្លែកមួយ ខណៈដែលខ្សែប្រយុទ្ធឆ្នើម Lionel Messi នៅតែរង់ចាំក្នុងការរកគ្រាប់បាល់បញ្ចូលទីជាលើកទី១ របស់គេនៅពេលប្រកួតជាមួយនឹងក្រុម Chelsea ក្រោយពីមិនអាចរកបានគ្រាប់បាល់សោះក្នុងការជួបគ្នាក្នុងក្របខ័ណ្ឌ Champions League ចំនួន៨លើកកាលពីមុន។
កីឡាករឆ្នើមប្រចាំឆ្នាំរបស់ពិភពលោក ៥សម័យកាលរូបនេះ នឹងទទួលបានឱកាសមួយផ្សេងទៀត ក្នុងការរកគ្រាប់បាល់បញ្ចូលទីជាលើកទី១របស់គេ នៅរាត្រីនេះ ហើយលោក Antonio Conte គ្រូបង្វឹករបស់ក្រុម Chelsea ជឿជាក់ថា លទ្ធផលកាលពីមុន នឹងមិនមានសារសំខាន់ឡើយ នៅពេលដែលក្រុម Barcelona ធ្វើដំណើរទៅកាន់កីឡដ្ឋាន Stamford Bridge ដើម្បីប្រកួតវគ្គ១៦ក្រុមចុងក្រោយ ជើងទី១។
នៅមុនពេលការប្រកួតនៅរាត្រីនេះ លោក Conte បាននិយាយថា៖ «ខ្ញុំសង្ឃឹមថា យើងអាចរក្សាប្រពៃណីនេះបាន ប៉ុន្តែ យើងកំពុងតែនិយាយពីកីឡាករដ៏អស្ចារ្យម្នាក់»។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានបន្ថែមទៀតថា៖ «យើងត្រូវតែមានការគោរព ប៉ុន្តែ ស្របពេលជាមួយគ្នានេះ យើងត្រូវតែរំភើប ក្នុងការលេងក្នុងការប្រកួតប្រភេទនេះ និងទទួលយកការប្រជែងបែបនេះ។ វានឹងមិនងាយស្រួលឡើយ ពីព្រោះយើងស្គាល់កីឡាកររូបនេះយ៉ាងច្បាស់។ យើងកំពុងតែនិយាយពីកីឡាករម្នាក់ក្នុងចំណោមកីឡាករដ៏ឆ្នើមបំផុតក្នុងពិភពលោក»។
ក្រុមទាំងពីរ មិនធ្លាប់បានជួបគ្នាសោះក្នុងក្របខ័ណ្ឌ Champions League បើគិតចាប់តាំង Chelsea បានកត់ត្រាជ័យជម្នះក្នុងលទ្ធផលទាំងពីរជើង ៣-២ លើក្រុម Barcelona ក្នុងដំណើរឆ្ពោះទៅកាន់ការលើកពាននេះ កាលពីឆ្នាំ២០១២។ Messi បានស៊ុតបាល់ប៉េណាល់មិនចូលទីក្នុងជើងទី២ នាកីឡដ្ឋាន Camp Nou ខណៈដែល Chelsea បានជ័យជម្នះលើការបាត់បង់ John Terry ដោយសារតែការរងពិន័យកាតក្រហម និងការដេញតាមពីក្រោយ ២-០ ដើម្បីបញ្ចប់ក្នុងលទ្ធផលស្មើ ២-២។
Chelsea បានកម្តៅសាច់កុំសម្រាប់ការប្រកួតនៅរាត្រីនេះ តាមរយៈការយកឈ្នះលើក្រុម Hull City ក្នុងលទ្ធផល ៤-០ ក្នុងការប្រកួតពាន FA Cup កាលពីថ្ងៃសុក្រ ខណៈដែល Barcelona បានផ្តួលក្រុម Eibar ២-០ ក្នុងក្របខ័ណ្ឌ La Liga កាលពីថ្ងៃសៅរ៍។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕
ប្រភព៖ The Washington Post