ការប្រកួតនៅក្របខ័ណ្ឌកំពូល UEFA Champions League មានការចូលរួមពីកីឡាបាល់ទាត់ល្បីៗនៅតំបន់អ៊ឺរ៉ុបនិងជាកំពូលកីឡាករឆ្នើមៗមកពីក្លឹបធំៗនៅទ្វីបអឺរ៉ុបបានមកជួបប្រកួតគ្នា និង គឺជាទីចាប់អារម្មណ៏បំផុតក្នុងមជ្ឈដ្ឋានបាល់ទាត់ពិភពលោក។ វាជាការប្រកួតប្រជែងដ៏ស្វិតស្វាញ ជាមួយការបញ្ចេញទេពកោសលល្យពិតប្រាកដគិតចាប់តាំងពីវគ្គជម្រុះរហូតដល់វគ្គផ្តាច់ព្រ័ត្រ ហើយគឺជាពានរង្វាន់ដែលកីឡាករគ្រប់ៗគ្នាប្រាថ្នាចង់ឈ្នះបំផុតក្នុងរយៈពេលប្រកបបាល់ទាត់អាជីពនោះ។

ប៉ុន្តែនៅពេលជាមួយគ្នានេះដែរ មិនមែនជារឿងដែលកំពូលកីឡាករឆ្នើមៗមួយចំនួនសុទ្ធតែបានលើកពានទាំងនោះ ដោយងាយងាយទេ ទោះបីជាពួកគេធ្លាប់ឈ្នះពានរង្វាន់ប្រកបដោយកិត្តិយសសម្រាប់ប្រទេស និងក្រុមបាល់ទាត់អាជីពកន្លងមកក្តី ប៉ុន្តែមានកំពូលកីឡាករឆ្នើមក្នុងប្រវត្តិសាស្រ្តមួយចំនួនដែលបានជោគជ័យឈ្នះពានធំៗសម្រាប់ប្រទេស ប៉ុន្តែមិនធ្លាប់ឈ្នះពានកំពូលនេះឡើយ។

ការប្រកួតក្របខណ្ឌ Champion League វគ្គ ១៦ក្រុមចុងក្រោយនិងចាប់ផ្តើមនៅយប់ថ្ងៃអង្គារឈានចូលដល់ថ្ងៃពុធនេះហើយ ខាងក្រោមនេះគឺជាបញ្ជីកីឡាករល្អបំផុតទាំង១០ ដែលមិនធ្លាប់ឈ្នះពានរង្វាន់លំដាប់ទី១ គឺ Champions League នោះទេក្នុងអាជីពរបស់ខ្លួន៖

១. Ronaldo(Brazil)

វីរបុរសក្រុមជម្រើសជាតិប្រេស៊ីល Ronaldo គឺជាកីឡាករម្នាក់ក្នុងចំនោមកីឡាករ ៣រូប ដែលបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA ចំនួន ៣ដង នោះគឺ Ronaldo ធ្លាប់ឈ្នះ(១៩៩៦,១៩៩៧,និង ២០០២)ព្រមជាមួយ Zidane និង Messi ប៉ុន្តែ Ronaldo គឺជាកីឡាករតែម្នាក់គត់ដែលមិនបានឈ្នះពានរង្វាន់ Champions League នោះទេ។ ចន្លោះឆ្នាំ ១៩៩៣ ដល់ ២០០៨ Ronaldo ធ្លាប់លេងឱ្យក្លិបធំៗនៅអឺរ៉ុបជាច្រើនដូចជាៈ Cruzeiro, PSV, Barcelona, Inter Milan, Real Madrid និង AC Milan។ ទោះបីជាធ្លាប់រកបានគ្រាប់បាល់បានចំនួន ៤៩គ្រាប់ នៅការប្រកួតក្របខណ្ឌ Champion League នាពេលកន្លងមក Ronaldo មិនដែលធ្លាប់ឈ្នះពានមួយនេះទេ ហើយពានរង្វាន់ធំបំផុតដែលរូបគេធ្លាប់ឈ្នះនោះគឺ UEFA Cup ជាមួយក្រុម Inter Milan នៅឆ្នាំ១៩៩៨ និង UEFA Cup Winners’ Cup ជាមួយក្រុម Barcelona នៅឆ្នាំ១៩៩៧ ប៉ុណ្ណោះ។

២. Roberto Baggio(Italy)

របុរសក្រុមជម្រើសជាតិអ៊ីតាលីនិងជាកីឡាកររកបានគ្រាប់បាល់ច្រើនបំផុតអោយក្រុមអសូរីរូបនេះ ធ្លាប់បានចំណាយពេល ៥រដូវកាលលេងអោយក្រុមយក្សអ៊ីតាលី Juventus ប៉ុន្តែនៅឆ្នាំ១៩៩៥ Baggio បានចាកចេញ ពីក្រុមដែលមានមូលដ្ឋាននៅទីក្រុង Turin។ ជាភព្វសំណាងនៅរដូវកាលបន្ទាប់នាឆ្នាំ១៩៩៦ ក្រុម Juventus មានឪកាសលើកពានពាន Champion League បន្ទាប់ពីផ្តួលក្រុម Ajax នៅវគ្គផ្តាច់ព្រ័ត្រ ដោយការកាត់សេចក្តីបាល់ប៉េណាំងទីស្របពេល Baggio បានចាកចេញពីក្រុមទៅហើយ។ ប៉ុន្តែ Baggio មិនមែនចាកចេញពីក្រុមដោយដៃទទេនោះទេ ដោយធ្លាប់បានជួយ Juventus លើកពាន UEFA Cup នៅឆ្នាំ១៩៩៣ និងបានជួយក្រុម Italy ឈានដល់វគ្គផ្តាច់ព្រ័ត្រ World Cup ១៩៩៤(Runner Up)ផងដែរ។

៣. Dennis Bergkamp

វីរបុរសក្រុមជម្រើសជាតិហូឡង់រូបនេះ ធ្លាប់បានលេងអោយក្រុម Ajax, Inter Milan និង Arsenal។ Bergkamp ធ្លាប់ឈ្នះពានរង្វាន់លំដាប់ទី២ នៅទ្វីបអឺរ៉ុបគឺ UEFA Cup ជាមួយក្រុម Ajax និង Inter Milan។ ក្រោយចំណាយពេល ១១រដូវកាលនៅជាមួយក្រុម Arsenal Bergkamp បានជួយក្រុមលើកពាន Premier League ៣ដង និង FA Cup ៤ដង ព្រមជាមួយការជួយក្រុមពេញមួយរដូវកាលមិនដែលចាញ់នៅក្របខណ្ឌ EPL នារដូវកាល(២០០៣-២០០៤)ផងដែរ។ Bergkamp បានត្រឹមអង្គុយកៅអីជាកីឡាករបម្រុងខណៈក្រុម Arsenal ឈានដល់វគ្គផ្តាច់ព្រ័ត្រ ហើយក្លាយជាជើងឯករង(Runner-up) ក្រោយបរាជ័យជាមួយក្រុម Barcelona នៅឆ្នាំ២០០៦។

៤. Eric Cantona

វីរបុរសក្រុម Man.United រូបនេះបានសាងភាពល្បីល្បាញអោយក្រុម Man.United នៅឆ្នាំ១៩៩០។ Cantona បានជួយក្រុមលើកពាន ៤ដងសម្រាប់ ៥រដូវកាលដំបូងនៃការកកើតពានរង្វាន់កំពូលអង់គ្លេស Premier League នៅឆ្នាំ១៩៩២។ កីឡាករសញ្ជាតិបារាំង និងជាអតីតប្រធានដែលពាក់អាវលេខ៧ រូបនេះ បានជួយក្រុមឈានមក ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប៉ុណ្ណោះ នៅឆ្នាំ១៩៩៧ ប៉ុន្តែបានធ្លាក់ចេញក្រោមស្នាដៃក្រុម Dormund។

៥. Michael Ballack

អតីតខ្សែបម្រើដ៏ល្បីល្បាញ Ballack ធ្លាប់ជាប់ជាកីឡាករល្អបំផុតរបស់អាឡឺម៉ង់ German Footballer of the Year ៣ដង។ Ballack ធ្លាប់បានជួបរឿងខកចិត្តក្នុងការលើកពានកំពូលទ្វីបអឺរ៉ុបរហូតដល់ ២ដង លើកទី១ កំលុងពេលលេងអោយក្រុម Bayer Leverkusen នៅឆ្នាំ២០០២ ក្រុមបានឈានដល់វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែបានបរាជ័យចាញ់ក្រុម Real Madrid និងលើកទី២ នៅឆ្នាំ២០០៨ ពេលក្រុម Chelsea ឈានដល់វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែបានរងបរាជ័យចាញ់ក្រុម Man.United នៅវគ្គផ្តាច់ព្រ័ត្រដោយការកាត់សេចក្តីទាល់បាល់ ១១ម៉ែត្រ។

៦. Zlatan Ibrahimovic

អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិស៊ុយអែតរូបនេះ ធ្លាប់បានចំណាយពេលលេងអោយក្រុមកំពូលនៅអឺរ៉ុប ជាច្រើនក្នុងអាជីពរបស់ខ្លួនមានដូចជា៖ Ajax, Juventus, Inter Milan, Barcelona, AC Milan, Paris Saint-Germain និងបច្ចុប្បន្នគឺក្រុម Manchester United។ ក្រោយការចាកចេញពីក្រុម Inter Milan នៅឆ្នាំ២០០៩ បន្ទាប់មកនៅឆ្នាំ២០១០ ក្រោមការដឹកនំារបស់លោក Jose Mourinho ក្រុមបានលើកពាន Champion League ហើយដូចគ្នានេះដែរ នៅពេលដែលរូបគេចាកចេញពីក្រុមអ្នកមានបុណ្យ Barcelona នៅឆ្នាំ២០១០ ក្រុមបានលើកពាន Champion League ផងដែរនៅក្នុងឆ្នាំ២០១១។

៧. Gianluigi Buffon

វីរបុរសក្រុមជម្រើសជាតិអ៊ីតាលីរូបនេះ មិនធ្លាប់លើកពានកំពូល Champion League ជាមួយក្រុមបាល់ទាត់អាជីពនោះទេ។ Buffon ធ្លាប់ឈ្នះពានផ្ទាល់ខ្លួនក្នុងនាមជាកីឡាករឆ្នើម UEFA Club Footballer of the Year award (2003) និងកីឡាករអ្នកចាំទីល្អបំផុតនៅក្របខណ្ឌ SerieA ៩ដង ព្រមទាំងបានជាប់ឆ្នោតជាអ្នកចាំទីល្អបំផុតនៅសតវត្សទី២១ នេះផងដែរ។ Buffon បានខកខានលើកទី១នៅឆ្នាំ២០០៣ នៅពេលដែលក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រជាមួយក្រុម AC.Milan នៅកីឡាដ្ឋាន Old Trafford។ នៅឆ្នាំ២០១៥ Buffon បានជួបរឿងខកចិត្តលើកទី២ ក្រោយបរាជ័យចាញ់ក្រុម Barcelona។ ប៉ុន្តែនៅឆ្នាំ២០០៦ រូបគេបានសាងស្នាដៃល្អបំផុតក្នុងប្រវត្តិសាស្រ្តដោយបានជួយក្រុមអ៊ីតាលីលើកពាន World CUP នៅអាឡឺម៉ង់ មុនពេលជួបរឿងខកចិត្តលើកទី៣ ក្រោយរងបរាជ័យចាញ់ក្រុមស្តេចស Real Madrid នៅវគ្គផ្តាច់ព្រ័ត្រ នៅទីក្រុង Cardiff កាលពីរដូវកាល(២០១៦-២០១៧)កន្លងទៅថ្មីៗនេះ។

៨. Francesco Totti

Totti ត្រូវបានចាត់ទុកថាជាកីឡាករម្នាក់ដែលស្មោះត្រង់និងក្លឹប Roma បំផុត ស្របពេលដេលរូបគេធ្លាប់ជាកីឡាករលេងល្អបំផុតនៅក្របខណ្ឌ SerieA (Serie A Footballer of the Year ចំនួន២ដង) និងកីឡាករអ៊ីតាលីលេងល្អប្រចាំឆ្នាំចំនួន ៥ដង (Italian Footballer of the Year)។ វីរបុរសក្រុមជម្រើសជាតិអ៊ីតាលីរូបនេះធ្លាប់បានជួយក្រុម Roma លើកពាន SerieA នៅឆ្នាំ២០០១ និង Coppa Italia ២ដង(២០០៧,២០០៨) ក្រោយពេលជួយអ៊ីតាលីលើកពាន World Cup នៅឆ្នាំ២០០៦ ប៉ុន្តែមិនមានសំណាងបានជួយក្រុមលើកពានកំពូល Champion League នោះទេ។

៩. Pavel Nedved

វីរបុរសក្រុមជម្រើសជាតិឆេក និង Juventus រូបនេះ បានសាងភាពល្បីល្បាញកំលុងពេលរូបគេប្រកបអាជីព នៅក្លឹបយក្សអ៊ីតាលីមួយនេះ។ Nedved ធ្លាប់ឈ្នះពាន SerieA ជាមួយក្រុម Lazio មុនពេលលើកពាននេះផងដែរជាមួយក្រុម Juventus។ កីឡាករដែលពូកែបំលាស់ទីបានលឿន និងធ្លាប់ធ្វើព្យុះ ធ្វើភ្លៀងរូបនេះបានចំណាយពេលយូរបំផុតរហូតដល់ ១៩ឆ្នាំលេងអោយក្រុមបាល់ទាត់អាជីព និងធ្លាប់លើកពានបាល់មាស(Ballon D’or)ម្តងផងដែរ ប៉ុន្តែបានខកខានលើកពាន Champion League ក្រោយ Juventus បានត្រឹមតែឈានដល់វគ្គ ផ្តាច់ព្រ័ត្រពានរង្វាន់ Champion League នាឆ្នាំ២០០៣ ជាមួយក្រុម AC.Milan។

១០. Ruud van Nistelrooy

អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិហូឡង់ Man.United និង Real Madrid រូបនេះ ធ្លាប់បានជាប់ជាកីឡាករ ដែលរកគ្រាប់បាល់នាំមុខច្រើនបំផុតរហូតដល់ ៥៦គ្រាប់នៅក្របខណ្ឌ Champion League។ ទោះបីចាប់ផ្តើម អាជីពដំបូងនៅឆ្នាំ១៩៩៣ Nistelrooy ទើបតែមានឪកាសបង្ហាញខ្លួនក្នុងឆ្នាំ២០០១ ជាមួយក្រុម Man.United ប៉ុណ្ណោះ។ រូបគេបានចំណាយពេល ៥រដូវកាលលេងអោយក្រុម Man.United និងរកគ្រាប់បាល់បានរហូត ៣៨គ្រាប់(ជាប់កំនត់ត្រាសម្រាប់Man.United) មុនពេលបន្តរកបានគ្រាប់បាល់ជាមួយក្លឹប Real Madrid។ ទោះបីជាបែបនេះក្តី Nistelrooy មិនធ្លាប់លើកពានជាមួយក្រុមបាល់ទាត់ធំៗទាំងពីរនេះមុនពេលចូលនិវត្តន៏នោះទេ។

ប្រភព៖ sportskeeda