ខ្សែប្រយុទ្ធ Lionel Messi បានរកគ្រាប់បាល់បញ្ចូលទីជាលើកទី១ របស់គេក្នុងចំណោមការប្រកួត ៩លើកជាមួយនឹងក្រុម Chelsea ដើម្បីជួយឲ្យក្រុម Barcelona មានប្រៀបពីការប្រកួតជើងទី១ នៃក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេ កាលពីថ្ងៃអង្គារ តាមរយៈការសង្គ្រោះបានលទ្ធផលស្មើ ១-១ នាកីឡដ្ឋាន Stamford Bridge។
គ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អ ក្រោយពីនាទី ទី៦០ បានជួយឲ្យក្រុម Chelsea មានគ្រាប់បាល់នាំមុខមុន ក្រោយពីក្រុមទាំងពីរទទួលបានលទ្ធផលស្មើ ០-០ ក្នុងតង់ទី១។ ប៉ុន្តែ ទោះបីជាយ៉ាងណា ការធ្វេសប្រហែសបានធ្វើឲ្យ Chelsea ខាតបង់ ខណៈដែលខ្សែបម្រើដ៏មានឥទ្ធិពល Andres Iniesta បានស្កាត់ទទួលបាល់ពីការបញ្ជូនរបស់កីឡាករ Andreas Christensen ដើម្បីបញ្ជូនបាល់ទៅឲ្យ Messi ដែលបានរកគ្រាប់បាល់តាមស្មើវិញក្នុងការប្រកួតនេះសម្រាប់ក្រុម Barcelona ក្នុងរយៈពេល១៥នាទីចុងក្រោយតែម្តង។
ក្រុមម្ចាស់ជើងឯកអង់គ្លេសមួយនេះ បច្ចុប្បន្ន ត្រូវតែរកឲ្យបានគ្រាប់បាល់ នៅពេលដែលពួកគេធ្វើដំណើរទៅកាន់កីឡដ្ឋាន Camp Nou នាថ្ងៃទី២៤ ខែមីនា ដើម្បីមានឱកាសណាមួយក្នុងការឈានទៅវគ្គ៨ក្រុមចុងក្រោយ។ ស្របពេលជាមួយគ្នានេះ ខ្សែប្រយទុទ្ធ Thomas Mueller និង Robert Lewandowski សុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទី២គ្រាប់ដូចគ្នា ខណៈដែលក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់ Bayern Munich បានលត់ក្រុម Besiktas យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-០ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី១ កាលពីថ្ងៃអង្គារ។
ការខកចិត្តផ្សេងៗបានកើតឡើងសម្រាប់ក្រុម Besiktas ក្រោយពីលេងបានត្រឹមតែរយៈពេល១៦នាទីប៉ុណ្ណោះ នៅពេលដែលខ្សែការពារ Domagoj Vida បានរងពិន័យកាតក្រហម សម្រាប់ការទាញឲ្យ Lewandowski ដួល ក្នុងពេលខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញរូបនេះ កំពុងតែមានឱកាសរកគ្រាប់បាល់បញ្ចូលទី៕
វិឌីអូហាយឡាយការប្រកួត៖
Chelsea vs Barcelona
Bayern Munich vs Besiktas
ប្រភព៖ Channel News Asia
Via :Cambosport