ការឈ្នះពានក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលនេះ មិនហួសពីសមត្ថភាពរបស់ក្រុម Manchester United ឡើយ ប៉ុន្តែ ក្រុមយក្សរបស់ក្របខ័ណ្ឌ Premier League ត្រូវតែចាប់ផ្តើមឈ្នះ ១ប្រកួតទៅមួយប្រកួតជាមុនសិន។

នេះបើយោងទៅតាមការបញ្ជាក់របស់ខ្សែបម្រើស្លាប Ashley Young៖ Man United បានឈានទៅវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ជាលើកទី១ ចាប់តាំងពីរដូវកាលឆ្នាំ២០១៣-២០១៤ ប៉ុន្តែ Manchester City ក្រុមយក្សអេស្ប៉ាញ Barcelona និង Real Madrid រួមជាមួយនឹងក្រុម Paris St Germain សុទ្ធសឹងត្រូវបានចាត់ទុកថា ជាបេក្ខភាពឈានមុខគេក្នុងការឈ្នះពាននេះ។ Man United ដែលបានឈ្នះពានក្របខ័ណ្ឌ Europa League កាលពីរដូវកាលមុននោះ នឹងត្រូវធ្វើដំណើរទៅជួបក្រុម Sevilla សម្រាប់ការប្រកួតជើងទី១ នៃវគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេ នៅរាត្រីនេះ ហើយខ្សែបម្រើអន្តរជាតិអង់គ្លេស Young ជឿជាក់ថា ពួកគេអាចបង្ហាញពីភាពខ្លាំងរបស់ពួកគេ។

Young បានប្រាប់បណ្តាញសារព័ត៌មានរបស់អង់គ្លេសថា៖ «ពិតណាស់ យើងអាចឈ្នះពាន Champions League។ បើអ្នកមិនបានឈានទៅយុទ្ធនាការមួយទេនោះ អ្នកមិនអាចឈ្នះបានឡើយ។ នោះគឺជាអ្វីដែលយើងនឹងស្រេកឃ្លានចង់ធ្វើ និងចាប់ផ្តើមពីការប្រកួតនីមួយដែលមានចំពោះមុខ»។ ខ្សែបម្រើរូបនេះបានបន្ថែមទៀតថា៖ «ជំហានបន្ទាប់ពីការប្រកួតជាមួយនឹងក្រុម Sevilla។ នោះគឺជាការប្រកួតក្រៅដីដ៏ស្វិតស្វាញមួយដូចពេលជួបក្រុម Huddersfield និង Newcastle នៅក្រៅដីដែរ។ យើងត្រូវតែរក្សាការផ្តោតអារម្មណ៍ទៅលើខ្លួនយើង»។

ក្រុម Man United បានកម្តៅសាច់ដុំសម្រាប់ការប្រកួតនេះ តាមរយៈការផ្តួលក្រុម Huddersfield ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតពាន FA Cup ជុំទី៥ កាលពីថ្ងៃសៅរ៍។ ជាមួយគ្នានេះ ក្រុម Sevillva បានយកឈ្នះលើក្រុមបាតតារាង Las Palmas ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតក្របខ័ណ្ឌ La Liga កាលពីចុងសប្តាហ៍ថ្មីៗនេះ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕

ប្រភព៖ Channel News Asia