កូនប្រុសរបស់តារាបាល់ទាត់ដ៏ឆ្នើម Didier Drogba បានដើរតាមជំហានរបសឪពុកខ្លួន តាមរយៈការចុះហត្ថលេខាជាមួយនឹងក្លិប Guingamp។

ខ្សែប្រយុទ្ធ Isaac Drogba វ័យ១៧ឆ្នាំ បានទាក់ទងជាមួយនឹងក្រុមអាយុក្រោម១៩ឆ្នាំរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌកំពូលបារាំងមួយនេះ ក្រោយពីចាកចេញពីក្រុមយុវជនរបស់ក្លិប Chelsea។ អតីតតារាឆ្នើម២នាក់ផ្សេងទៀតក៏បានបញ្ចេញប្រវត្តិកម្មចំពោះព័ត៌មាននេះផងដែរ។ អតីតខ្សែបម្រើអន្តរជាតិអង់គ្លេស Frank Lampard បានសរសេរនៅលើបណ្តាញសង្គមថា៖ «អបអរសាទរ! ខ្ញុំនៅចាំថា Isaac គឺជាក្មេងប្រុសដ៏សុភាពរាបសា។ នៅពេលនេះ គេជាបុរសម្នាក់ហើយ»។

ដោយឡែក ខ្សែការពារ John Terry បាននិយាយថា៖ «ស្ទើរតែមិនជឿជាក់ អ្នកធំដល់ម្លឹងសោះ សូមអបអរសាទរ»។ Didier Drogba នៅតែជាខ្សែប្រយុទ្ធដ៏រឹងមាំជាមួយនឹងក្រុម Phoenix Rising របស់ក្របខ័ណ្ឌ MLS បើទោះបីស្ថិតក្នុងវ័យ៣៩ឆ្នាំក៏ដោយ។ Isaac សង្ឃឹមថា អាជីពរបស់គេនឹងទទួលជោគជ័យដូចជាឪពុករបស់គេ ក្រោយពីចាប់ផ្តើមអាជីពរបស់គេនៅប្រទេសបារាំង។

Didier Drogba ដែលបានបង្ហាញខ្លួនជាអន្តរជាតិសម្រាប់កូតឌីវ័រចំនួន១០៤លើកនោះ បានលេងឲ្យក្លិបផ្សេងចំនួន៥ ក្នុប្រទេសបារាំង ក្នុងនាមជាកីឡាករយុវជនម្នាក់ នៅមុនពេលទទួលបានជោគជ័យនៅឯក្លិប Le Mans។ ក្រោយពីបានចំណាយពេល៣រដូវកាលកន្លះ ក្នុងក្រុមជម្រើសដំបូង បន្ទាប់មក Drogba បានផ្ទេរទៅកាន់ក្លិប Guingamp ក្នុងតម្លៃខ្លួន៨០ម៉ឺនផោន (ស្មើនឹង១,១២លានដុល្លារអាមេរិក) និងបានស៊ុតបាល់បញ្ចូលទី២៤គ្រាប់ ក្នុងការប្រកួត៥០លើក។ ក្រោយពីមករូបគេបានចូលរួមជាមួយនឹងក្លិប Marseille និងបានចំណាយពេលនៅទីនោះត្រឹមតែ១រដូវកាលមុនគត់ មុននឹងផ្ទេរទៅកាន់ក្លិបតោខៀវ Chelsea៕

ប្រភព៖ The Sun