មន្ត្រីប៉ូលិសម្នាក់ បានស្លាប់ក្នុងទីក្រុង Bilbao កាលពីយប់ថ្ងៃព្រហស្បតិ៍ ក្រោយពីការប៉ះទង្គិចគ្នា ជាមួយនឹងអ្នកគាំទ្ររបស់ក្លិប Spartak Moscow នៅមុនពេលការប្រកួតក្របខ័ណ្ឌ Europa League វគ្គ៣២ក្រុមចុងក្រោយ ជើងទី២ ជាមួយនឹងក្រុម Athletic Bilbao។
មន្ត្រីប៉ូលិសរូបនេះបានស្លាប់ ក្នុងមន្ទីរពេទ្យ ខណៈដែលរូបលោកត្រូវបានគេបញ្ជូនទៅកាន់ទីនោះ ក្រោយពីបានជួបបញ្ហាគាំងបេះដូងដែលបានកើតឡើង នៅពេលដែលប៉ូលិសប្រចាំតំបន់ Basque ព្យាយាមបញ្ឈប់ការប្រយុទ្ធគ្នាតាមដងវិថីនានា រវាងអ្នកគាំទ្រនៃគូបដិបក្ខទាំងពីរ។ មនុស្សចំនួន៥នាក់ត្រូវបានឃាត់ខ្លួន។ ក្រុម Spartak បានឈ្នះក្នុងការប្រកួតជើងទី២នោះ ក្នុងលទ្ធផល ២-១ ប៉ុន្តែ បានធ្លាក់ចេញដោយសារតែការរងបរាជ័យទាំងពីរជើងក្នុងលទ្ធផល ៤-៣ ក្រោយពីបានចាញ់កាលពីជើងទី១ក្នុងលទ្ធផល ៣-១។
មុនពេលប្រកួត ប៉ូលិស បានឃាត់ខ្លួនមនុស្សជាច្រើន ខណៈដែលអំពើហិង្សា និងការរងរបួស បានស្ថិតក្នុងកម្រិតរីកកាន់តែធំ។ អ្នកនាំពាក្យម្នាក់របស់ស្ថានីប៉ូលិសប្រចាំតំបន់ Basque បានបញ្ជាក់ថា៖ «មនុស្សចំនួន ៥នាក់ត្រូវបានឃាត់ខ្លួន។ យើងមិនដឹងពួកគេទាំងអស់គឺជាអ្នកគាំទ្ររបស់ក្លិប Spartak ឬយ៉ាងណាឡើយ ប៉ុន្តែ ភាគច្រើននៃពួកគេគឺជាជនជាតិរុស្ស៊ី»។