ខ្សែការពារ Branislav Ivanovic បានក្លាយជាតារាឆ្នើមប្រចាំការប្រកួត ខណៈដែលក្រុម Zenit St Petersburg បានទម្លាក់ក្រុម Celtic ឲ្យធ្លាក់ចេញពីក្របខ័ណ្ឌ Europa League កាលពីថ្ងៃព្រហស្បតិ៍ តាមរយៈការលុបចោលការចាញ់គ្រាប់បាល់១គ្រាប់ក្នុងជើងទី១ នៃវគ្គ៣២ក្រុមចុងក្រោយ តាមរយៈការយកឈ្នះ ៣-០ ក្នុងប្រទេសរុស្ស៊ី ស្របពេលដែលក្រុម RB Leipzig បានទប់ស្កាត់ការវាយបកវិញរបស់ក្រុម Napoli។

បច្ចុប្បន្នក្រុម Celtic មិនធ្លាប់បានឈានទៅវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌអឺរ៉ុបសោះ បើគិតចាប់តាំងពីរដូវកាលឆ្នាំ២០១២-២០១៣ ខណៈដែល Zenit នៅតែសង្ឃឹមថា អាចឈ្នះពាន UEFA Cup ដូចកាលពី១០ឆ្នាំមុន ក្រោយពីឈ្នះទាំងពីរជើង ៣-១។

ស្របពេលជាមួយគ្នានេះ ក្រុម Arsenal ក៏បានឈានទៅវគ្គបន្តនៃយុទ្ធនាការនេះផងដែរ បើទោះបីចាញ់ក្រុម Ostersunds លើទឹកដីខ្លួនឯង ២-១ ក្នុងការប្រកួតជើងទី២នៃវគ្គ៣២ក្រុមចុងក្រោយក៏ដោយ។ ការដណ្តើមបានជ័យជម្នះ ៣-០ កាលពីជើងទី១ នៅលើទឹកដីស៊ុយអែត គ្រប់គ្រាន់ក្នុងការធ្វើឲ្យពួកគេឈ្នះការប្រកួតទាំង២ជើងក្នុងលទ្ធផល ៤-២ ដើម្បីឈានទៅវគ្គបន្ត។

ដោយឡែក ក្រុមយក្សអេស្ប៉ាញ Atletico Madrid ក៏បានឈ្នះកៅអីទៅវគ្គបន្តផងដែរ ក្រោយពីបានយកឈ្នះលើក្រុម FC Copenhagen ក្នុងការប្រកួតជើងទី២ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបំពេញការទម្លាក់ក្រុមរបស់ដាណឺម៉ាកមួយនេះ ក្នុងលទ្ធផលទាំងពីរជើង ៥-១។

ក្រុម Napoli ដែលកំពុងតែនាំមុខនៅលើតារាងក្របខ័ណ្ឌ Serie A នៅតែមិនអាចស្រោចស្រង់បាន បើទោះបីបានយកឈ្នះលើក្រុមម្ចាស់ផ្ទះ RB Leipzig ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតជើងទី២ នៃវគ្គ ៣២ក្រុមចុងក្រោយរបស់ពួកគេក៏ដោយ ខណៈដែលពួកគេបានធ្លាក់ចេញដោយសារតែចាញ់គ្រាប់បាល់ក្រៅដី ក្រោយពីស្មើក្នុងលទ្ធផលទាំងពីរជើង ៣-៣៕