ខ្សែប្រយុទ្ធអន្តរជាតិបារាំង Antoine Griezmann បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ ខណៈដែលក្រុម Atletico Madrid បានលត់ក្រុម Sevilla យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-២ កាលពីថ្ងៃអាទិត្យ ដើម្បីកាត់បន្ថយពិន្ទុដេញតាមពីក្រោយក្រុម Barcelona កំពុងនាំមុខលើតារាង La Liga មកនៅត្រឹម ៧ពិន្ទុ។

លទ្ធផលនេះ ក៏បានផ្តល់នូវការជឿជាក់សម្រាប់ក្រុម Manchester United ផងដែរ ខណៈដែលពួកគេនឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Sevilla ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី២ នាខែក្រោយ ក្រោយពីក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ក្នុងការប្រកួតកាលពីជើងទី១។ Griezmann បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ជាមួយនឹងការងារជាក្រុមនេះ ប៉ុន្តែ មានការខកចិត្តបន្តិច ដោយសារតែយើងបានរបូតគ្រាប់បាល់ ២គ្រាប់វិញ។ វាជារឿងល្អដែលយើងមានខ្សែប្រយុទ្ធជាច្រើន ដែលរកបានគ្រាប់បាល់ ប៉ុន្តែ រឿងដ៏សំខាន់បំផុតនោះគឺថា ការដណ្តើមបាន ៣ពិន្ទុ»។

ខ្សែប្រយុទ្ធ Diego Costa អតីតតារាឆ្នើមរបស់ក្លិប Chelsea បានរកគ្រាប់បាល់បើកឆាកសម្រាប់ក្រុមខ្លួន នៅមុនពេលនាទីទី៣០ ក្រោយពីដណ្តើមយកប្រៀបទៅលើការធ្វេសប្រហែសក្នុងតំបន់ការនៃក្រុម Sevilla។ ក្នុងការប្រកួត ១គូមុននេះ កីឡាករ Santi Mina បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ ខណៈដែលក្រុម Valencia បានផ្តួលក្រុម Real Sociedad ក្នុងលទ្ធផល ២-១ ដើម្បីរក្សាការស្ថិតក្នុងការប្រជែងយកកៅអីក្នុងក្របខ័ណ្ឌ Champions League នារដូវកាលក្រោយ៕