ក្លិប Atletico Madrid បានលក់ខ្សែបម្រើស្លាបអន្តរជាតិបែលហ្ស៊ិក Yannick Carrasco និងខ្សែបម្រើសញ្ជាតិអាហ្សង់ទីន Nicolas Gaitan ទៅកាន់ក្លិបរបស់ចិន Dalian Yifang។
នេះបើយោងទៅតាមការប្រកាសរបស់ក្លិបអេស្ប៉ាញមួយនេះ កាលពីថ្ងៃចន្ទ។ Carrasco បានចូលលេងក្នុងជម្រើសទាំង ១១នាក់ដំបូង ៣លើកក្នុងការប្រកួតក្របខ័ណ្ឌ La Liga ចាប់តាំងពីដើមឆ្នាំនេះ ហើយ Gaitan បានបង្ហាញខ្លួនត្រឹមតែ ១លើកគត់ក្នុងរដូវកាលមកទល់ពេលនេះ ក្រោមការដឹកនាំរបស់លោក Diego Simeone។
ក្លិប Atletico បានសរសេរក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា៖ «ក្លិបរបស់យើងបានឈានដល់ការព្រមព្រៀងគ្នាមួយជាមួយនឹងក្លិបចិន Dalian Yifang សម្រាប់ការផ្ទេរ Yannick Carrasco»។ សេចក្តីប្រកាសដាច់ដោយឡែកគ្នាមួយនេះបានឲ្យដឹងថា៖ «Nico Gaitan ត្រូវបានលក់ទៅឲ្យក្លិប Dalian Yifang របស់ក្របខ័ណ្ឌចិន Super League»។
ក្លិប Atletico មិនបានបញ្ជាក់ពីតម្លៃខ្លួនដែលទាក់ទិននឹងការផ្ទេរនេះឡើយ ប៉ុន្តែ បើយោងទៅតាមបណ្តាញសារព័ត៌មានអេស្ប៉ាញ ការចាកចេញរបស់ Carrasco នឹងធ្វើឲ្យពួកគេទទួលបានចំណូល៣០លានអឺរ៉ូ (ស្មើនឹង៣៦,៩លានដុល្លារអាមេរិក) ហើយ Gaitan នឹងមានតម្លៃខ្លួន១៨លានអឺរ៉ូ។ Monaco ដែលជាអតីតក្លិបរបស់ Carrasco ក៏នឹងត្រូវទទួលបានប្រាក់ចំណែក២៥ភាគរយនៃតម្លៃខ្លួននេះផងដែរ ដោយសារតែផ្អែកទៅលើការព្រមព្រៀងគ្នាមួយដែលត្រូវបានធ្វើឡើងនៅពេលដែលខ្សែបម្រើស្លាបរូបនេះបានផ្ទេរទៅកាន់អេស្ប៉ាញ កាលពីខែកក្កដា ឆ្នាំ២០១៥៕