ខ្សែប្រយុទ្ធ Fernando Torres បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ ខណៈដែលក្រុម Atletico Madrid បានលត់ក្រុម Lokomotiv Moscow យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-១ ក្នុងការប្រកួតក្របខ័ណ្ឌ Europa League ក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបំពេញការឈ្នះកៅអីទៅលេងក្នុងវគ្គក្រុមចុងក្រោយ។

ក្រុមរបស់លោក Diego Simeone បានបញ្ចប់វគ្គ១៦ក្រុមចុងក្រោយនេះជាមួយនឹងជ័យជម្នះទាំង ២ជើង ក្នុងលទ្ធផល ៨-១ ដើម្បីកក់កៅអីមួយក្នុងការចាប់ឆ្នោតសម្រាប់វគ្គ១/៥ផ្តាច់ព្រ័ត្រ នៅថ្ងៃសុក្រនេះ។ ក្រោយពីបាននាំមុខ ៣-០ ពីការប្រកួតកាលពីជើងទី១ ខ្សែប្រយុទ្ធ Angel Correa បានបន្ថែមការនាំមុខរបស់ក្រុមខ្លួន នៅមុនពេលកីឡាករ Maciej Rybus បានតាមស្មើវិញនៅរាត្រីនោះ សម្រាប់ក្រុមកំពុងតែនាំមុខលើតារាងលីករបស់រុស្ស៊ី Lokomotiv។

ប៉ុន្តែ ក្រុមយក្សរបស់ក្របខ័ណ្ឌ La Liga បានបន្តនាំមុខវិញក្នុងតង់ទី២ ដោយ Saul Niguez បានរកគ្រាប់បាល់ទី៥របស់ពួកគេ នៅមុនពេល Torres រកបាន២គ្រាប់បន្ថែមទៀត។ ខ្សែប្រយុទ្ធរូបនេះ បានរកគ្រាប់បាល់ក្នុងក្របខ័ណ្ឌអឺរ៉ុបជាលើកទី១របស់គេនៅរដូវកាលនេះ ពីការស៊ុតបាល់ប៉េណាល់ទី នៅនាទី ទី៦៥ នៅមុនពេលរកបាន១គ្រាប់ទៀតក្នុងរយៈពេល៥នាទីក្រោយមក។ ខ្សែប្រយុទ្ធអន្តរជាតិបារាំង Antoine Griezmann បានបំពេញជ័យជម្នះរបស់ក្រុមខ្លួន ក្រោយពីបានចូលលេងក្នុងនាមជាកីឡាករបម្រុង។

ស្របពេលជាមួយគ្នានេះ ក្រុម Marseille បានបន្តទម្រង់លេងយ៉ាងល្អឥតខ្ចោះរបស់ពួកគេតាមរយៈការកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៥-២ លើក្រុម Athletic Bilbao ដើម្បីឈានទៅវគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌអឺរ៉ុបជាលើកទី១ បើគិតចាប់តាំងពីឈានទៅវគ្គនេះនៃក្របខ័ណ្ឌ Champions League រដូវកាលឆ្នាំ២០១១-២០១២៕

ប្រភព៖ Channel News Asia