ការចាប់ឆ្នោតជ្រើសរើសគូប្រកួតក្នុងព្រឹត្តិការណ៍រង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League និង Europa League វគ្គ៨ក្រុមចុងក្រោយនឹងត្រូវបានធ្វើឡើងយប់នេះនៅទីក្រុង Nyon ប្រទេសស្វីស។
ប្រធានក្លឹប និងប្រធានក្រុមនៃក្លឹបនីមួយៗបានធ្វើដំណើរទៅដល់ប្រទេសស្វីសអស់ហើយ ត្រៀមឡើងចូលរួមកម្មវិធីចាប់ឆ្នោតនារាត្រីថ្ងៃសុក្រ ទី១៦ ខែមីនា ឆ្នាំ២០១៨នេះ ដោយមាន២ក្រុមរបស់អង់គ្លេស Liverpool និង Manchester City និង ២ក្រុមទៀតរបស់អ៊ីតាលី Juventus និង AS Roma ជាមួយនឹង ៣ក្រុមរបស់ អេស្ប៉ាញ Real Madrid, FC Barcelona និង Sevilla និង ១ក្រុមនៃប្រទេសអាល្លឺម៉ង់ Bayern Munich។
សម្រាប់ការប្រកួតជើងទី១ នៃវគ្គ៨ក្រុមចុងក្រោយ UEFA Champions League នឹងធ្វើឡើងនៅថ្ងៃទី៣ និងទី៤ ខែមេសា ឆ្នាំ២០១៨ មុនពេលជើងទី២ នៅថ្ងៃទី១១ និងទី១២ ខែមេសា ឆ្នាំ២០១៨ មុនពេលវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើង នៅថ្ងៃទី២៦ ខែឧសភា នៅកីឡដ្ឋាន NSC Olimpiyskyi នៃទីក្រុង Kyiv ប្រទេសអ៊ុយក្រែន៕
អត្ថបទ៖ KhmerTalking